(ហ៉ីរ៉ូស៉ីម៉ា)៖ អ៊ុយក្រែននៅថ្ងៃអាទិត្យនេះ បាននិយាយថា កងកម្លាំងរបស់ខ្លួននៅតែកំពុងបន្តប្រយុទ្ធតតាំងក្នុងទីក្រុង បាកមូត (Bakhmut) ដដែលទេ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃដដែលនេះ បានផ្តល់ចម្លើយដែលត្រូវគេមើលឃើញថា ហាក់ដូចជាទទួលស្គាល់ចំពោះ ការបាត់បង់ទីក្រុងភាគខាងកើតនេះទៅក្នុងដៃរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។

នៅពេលត្រូវបានសាកសួរ មុនជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯប្រទេសជប៉ុន ថាតើទីក្រុង Bakhmut កំពុងស្ថិតក្រោម​ការគ្រប់គ្រងរបស់អ៊ុយក្រែនដដែលឬយ៉ាងណា បន្ទាប់ពីខាងរុស្ស៉ីបានប្រកាសអះអាងថា ពួកគេដណ្តើមគ្រប់គ្រងកាន់កាប់វាបានទាំងស្រុងហើយនោះ លោក ហ្សេលេនស្គី បានឆ្លើយតបយ៉ាងដូច្នេះថា «ខ្ញុំគិតថាមិនដូច្នោះទេ។ សម្រាប់ពេលនេះ Bakhmut មានតែនៅក្នុងបេះដូងយើងប៉ុណ្ណោះ។ វាគឺជា​រឿងគួរឱ្យខ្លោចផ្សា ដោយពុំមានអ្វីសេសសល់នៅទីនោះទៀតឡើយ»

មិនយូរប៉ុន្មានក្រោយមក អ្នកនាំពាក្យរបស់លោក ហ្សេលេនស្គី បានចេញមុខបកស្រាយថា លោកប្រធានាធិបតីអ៊ុយក្រែន បានឆ្លើយតបតែចំពោះ​ផ្នែកចុងក្រោយនៃសំណួររបស់ក្រុមអ្នកកាសែតប៉ុណ្ណោះ ពោលគឺលោក ហ្សេលេនស្គី បានឆ្លើយតបថា លោកមិនយល់យ៉ាងដូច្នោះទេ ចំពោះការ​អះអាងរបស់រុស្ស៉ី ដែលថាពួកគេដណ្តើមគ្រប់គ្រងទីក្រុង Bakhmut បានទាំងស្រុង។ អ្នកនាំពាក្យបានបន្ថែមថា ប្រការនេះមានន័យថាលោក ហ្សេលេនស្គី បានបដិសេធចំពោះការដួលរំលំនៃទីក្រុង Bakhmut។

គួរបញ្ជាក់ថា ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានអះអាងពីការគ្រប់គ្រងបានទាំងស្រុងលើទីក្រុង Bakhmut កាលពីថ្ងៃសៅរ៍សប្តាហ៍​នេះ បន្ទាប់ពីកងកម្លាំងរបស់លោក ទីបំផុតបានវាយបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទីតាំងចុងក្រោយ នៅក្នុងទីក្រុងនេះ។ ក្រសួងការពារជាតិ​របស់រុស្ស៉ី ក៏បានអះអាងថា ទីក្រុង Bakhmut ត្រូវរុស្ស៉ីវាយយកបានទាំងស្រុងផងដែរ។ ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងនាថ្ងៃអាទិត្យនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា សមរភូមិនៅ Bakhmut គឺត្រូវបានបញ្ចប់ហើយ ហើយលោកបានអបអរសាទរ និងអរគុណក្រុម Wagner ព្រមទាំងកងទ័ពរុស្ស៉ី។

ប្រសិនបើទីក្រុង Bakhmut ពិតជាបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់រុស្ស៉ីទាំងស្រុងមែននោះ វានឹងជាការបិទបញ្ចប់សមរភូមិដ៏អូសបន្លាយ និងបង្ហូរឈាមខ្លាំងក្លាបំផុតនៃសង្រ្គាមអ៊ុយក្រែន ដ្បិតកងកម្លាំងរបស់ទីក្រុងមូស្គូ បានព្យាយាមវាយយកទីក្រុងនេះ តាំងតែពីកំលុងរដូវក្តៅឆ្នាំមុន មកម្ល៉េះ៕