(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះ នៃពលរដ្ឋអាមេរិក ៥០០នាក់ ដែលត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៉ី ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មចុងក្រោយបំផុតប្រឆាំងមូស្គូ ប្រកាសដោយ ទីក្រុង វ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការបរទេសរុស្ស៉ី ក៏បានអះអាងដែរថាទីក្រុងមូស្គូ បានបដិសេធសំណើចុងក្រោយរបស់សហរដ្ឋអាមេរិក ដើម្បីចូលសួរសុខទុក្ខអ្នកកាសែត Wall Street Journal លោក អ៉ីវិន ជឺសកូវ៉ិក (Evan Gershkovich) ដែលត្រូវបានអាជ្ញាធររុស្ស៉ីចាប់ឃុំខ្លួនកាលពីខែមីនា ពីបទសង្ស័យធ្វើចារកម្ម។ ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងជា ការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានបដិសេធ កាលពីខែមីនា ចំពោះការផ្ដល់ទិដ្ឋាការសម្រាប់អ្នកកាសែតរុស្ស៉ី ធ្វើដំណើរអម រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ទៅកាន់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍នេះដែរ បានប្រកាសដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងគោលដៅច្រើនជាង ៣០០ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន ក៏ដូចជាពង្រឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានប្រឆាំងនឹងទីក្រុងមូស្គូ៕