(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន នៅថ្ងៃសៅរ៍នេះបានប្ដេជ្ញាថានឹងថែរក្សាស្ថានភាពដើមនៃសន្តិភាព និងស្ថិរភាពនៅទូទាំង តំបន់ច្រកសមុទ្រតៃវ៉ាន់ នៅចំពោះមុខការកើនឡើងភាពតានតឹងជាមួយចិន ដែលបាន និងកំពុងបង្កើនការដាក់សម្ពាធយោធាលើតៃវ៉ាន់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាមួយ លោកស្រី សៃ បានបញ្ជាក់ថាតៃវ៉ាន់នឹងមិនបង្កហេតុឡើយ តែក៏នឹងមិនចុះញ៉មនឹងការដាក់សម្ពាធពីចិននោះដែរ។ លោកស្រី សៃ បានបន្ថែមដូច្នេះថា «សង្រ្គាមមិនមែនជាជម្រើសនោះទេ។ គ្មានភាគីណាមួយអាចផ្លាស់ប្ដូរស្ថានភាពដើម ដោយឯកតោភាគីជាមួយការប្រើកម្លាំងបាយ បាននោះឡើយ។ ការថែរក្សាស្ថានភាពដើមនៃសន្តិភាព និងស្ថិរភាព គឺជាកុងសង់ស៊ីសសម្រាប់ពិភពលោក និងតៃវ៉ាន់»

គួរបញ្ជាក់ថា ចិន ដែលចាត់ទុកថាតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន តែងតែអះអាងថានឹងបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែក៏បានព្រមាន ដែរថានឹងប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេចចិត្តកិច្ចការនេះក្នុងករណីចាំបាច់។ ចិនបានបង្កើនការដាក់សម្ពាធលើតៃវ៉ាន់ទាំងផ្នែកការទូត និងយោធា ចាប់តាំងពីលោកស្រី សៃ ឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ តាំងពីឆ្នាំ២០១៦មក៕