(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រាប់ក្រុមមេដឹកនាំ G7 ថាទីក្រុងវ៉ាស៊ីនតោននឹងគាំទ្រចំពោះការផ្ដល់យន្ដហោះចម្បាំងស៊េរីទំនើប ក្នុងនោះរួម មានទាំងយន្ដហោះចម្បាំង F-16 ដល់អ៊ុយក្រែន ក៏ដូចជាគាំទ្រផងដែរដល់ការបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន។ នេះបើតាមមន្តី្រជាន់ខ្ពស់សេតវិមានម្នាក់ ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។

បើតាមមន្តី្រជាន់ខ្ពស់សេតវិមានខាងលើដដែល លោក បៃដិន សហរដ្ឋអាមេរិកនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បី បណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ពីរបៀបប្រើប្រាស់យន្ដហោះចម្បាំងជំនាន់ទី៤ ក្នុងនោះរួមមានទាំង F-16 សំដៅពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពកងទ័ពអាកាសអ៊ុយក្រែន។

មន្ត្រីរូបនេះបន្ថែមថា «ខណៈការបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមឡើងនៅប៉ុន្មានខែខាងមុខ ក្រុមចម្រុះនៃប្រទេសដែលចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ នឹងសម្រេចចិត្តថា តើយន្ដហោះចម្បាំងនឹងត្រូវប្រគល់ឱ្យនៅពេលណា ចំនួនប៉ុន្មានគ្រឿង ហើយថាតើនរណាខ្លះនឹងយល់ព្រមផ្ដល់យន្ដហោះចម្បាំង»

គួរបញ្ជាក់ថា ក្រោយទទួលបានដំណឹងភ្លាមៗ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការសម្រេចិត្តរបស់លោក ចូ បៃដិន ដែលនឹងជួយពង្រឹងសមត្ថភាពកងទ័ពអាកាសអ៊ុយក្រែន។ លោក ហ្សេលេនស្គី នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ ហើយក៏គ្រោងនឹងជួបពិភាក្សាជាមួយលោក ចូ បៃដិន នៅទីនោះផងដែរ៕