(ញូវដែលី)៖ កងទ័ពជើងទឹកឥណ្ឌាបានឲ្យដឹងថា ខ្លួនបានកំណត់ឃើញទីតាំងកប៉ាល់នេសាទរបស់ចិន ដែលបានលិចជាមួយនឹងសមាជិកនាវិកចំនួន៣៩នាក់ នៅក្នុងមហាសមុទ្រឥណ្ឌាកាលពីដើមសប្តាហ៍នេះហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

កប៉ាល់នេសាទទឹកឆ្ងាយឈ្មោះថា Lupeng Yuanyu 028 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Penglai Jinglu Fishery ដែលមានមូលដ្ឋាននៅក្នុងខេត្ត Shandong បានលិចកាលពីព្រឹកថ្ងៃអង្គារ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា «យន្តហោះ P8I របស់កងទ័ពជើងទឹកឥណ្ឌា បានធ្វើការស្វែងរកយ៉ាងទូលំទូលាយនៅក្នុងតំបន់ និងកំណត់បានទីតាំងកប៉ាល់នេសាទដែលលិច នៅថ្ងៃទី១៨ ខែឧសភា»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មនុស្ស ៣៩នាក់នៅលើកប៉ាល់នោះ មាននាវិកចិន ១៧នាក់ ឥណ្ឌូនេស៊ី ១៧នាក់ និងហ្វីលីពីន ៥នាក់បានបាត់ខ្លួន។ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកឥណ្ឌា មិនបានលើកឡើងពីពួកគេទេ។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​បញ្ជា​ឲ្យ​ខិតខំ​ប្រឹងប្រែង​ឲ្យអស់ពីសមត្ថិភាព​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត។ មជ្ឈមណ្ឌលស្វែងរក និងជួយសង្គ្រោះតាមសមុទ្ររបស់ប្រទេសចិនបានជូនដំណឹងដល់ប្រទេសពាក់ព័ន្ធអំពីឧបទ្ទវហេតុនេះ ហើយក្រសួងការបរទេសបានប្រាប់បេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ស្រីលង្កា ម៉ាល់ឌីវ ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសផ្សេងទៀតដើម្បីសម្របសម្រួលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕