(រីយ៉ាទ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៣២ នៃសម្ព័ន្ធរដ្ឋអារ៉ាប់ ដែលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ មុនពេលធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំ G7។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ​ឆ្នាំ២០២៣។

ឥស្សរជនជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតបានមកទទួលស្វាគមន៍ លោក​ Zelensky នៅពេលលោកចុះពីលើយន្តហោះរបស់រដ្ឋាភិបាលបារាំងដែលដឹកលោកពីប្រទេសប៉ូឡូញ។

លោក Zelensky បានសរសេរនៅលើ Twitter ថា «ការចាប់ផ្តើមនៃដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំ ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងរបស់អ៊ុយក្រែនជាមួយពិភពអារ៉ាប់។ អ្នកទោសនយោបាយនៅតំបន់គ្រីមៀ និងទឹកដីដែលកាន់កាប់បណ្តោះអាសន្ន នឹងការវិលត្រឡប់មកយើងវិញ...អារ៉ាប៊ីសាអូឌីតដើរតួនាទីយ៉ាងសំខាន់ ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកកិច្ចសហប្រតិបត្តិការរបស់យើងទៅកាន់កម្រិតថ្មីមួយទៀត»។

មេដឹកនាំអ៊ុយក្រែននឹងជួបជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ ព្រះអង្គម្ចាស់រូបនេះក៏ធ្លាប់បានសម្រុះសម្រួលក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែនពីមុនមកដែរ។

កាលពីឆ្នាំមុន ព្រះអង្គម្ចាស់ Mohammed bin Salman បានទទួលជ័យជំនះផ្នែកការទូត នៅពេលដែលព្រះអង្គបានធានាការដោះលែងជនបរទេស ១០នាក់ដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ីនៅអ៊ុយក្រែន។ ការផ្លាស់ប្តូរនេះទំនងជាអាចធ្វើទៅបាន ដោយសារតែទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin»៕