(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន បានប្រកាសនៅថ្ងៃសុក្រនេះថា ក្រុមអ្នកជំនាញកូរ៉េខាងត្បូងប្រមាណ ៣០នាក់ នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភា ដើម្បីត្រួតពិនិត្យកន្លែងនានា ទាក់ទងនឹងការបញ្ចេញទឹក ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៉ីម៉ា ដាយអ៉ីឈិ (Fukushima Dai-ichi) ដែលបានរងការបំផ្លិចបំផ្លាញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ការឯកភាពឲ្យមានដំណើរទស្សនកិច្ចនេះ បានធ្វើឡើអំឡុងពេលដែលនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) បំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល កាលពីដើមខែឧសភានេះ ខណៈប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) កំពុងស្វែងរកការកែលម្អទំនាក់ទំនងជាមួយប្រទេសជប៉ុន បន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញទឹកចេញពីរោងចក្រ Fukushima ដែលត្រូវបានបំផ្លាញក្នុងអំឡុងគ្រោះមហន្តរាយនុយក្លេអ៊ែរ ឆ្នាំ២០១១ ចូលទៅក្នុងសមុទ្រនៅពេលណាមួយ កំលុងនៅរដូវផ្ការីកឬរដូវក្តៅឆ្នាំនេះ ដែលបង្កឲ្យមានការព្រួយបារម្ភពីប្រទេសជិតខាង ដូចជាកូរ៉េខាងត្បូងជាដើម៕