(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ផលិតកម្មវិស័យការពារជាតិរបស់ឥណ្ឌា បានកើនជាង១២ភាគរយ កាលពីឆ្នាំសារពើពន្ធកន្លងទៅ ហើយបានឡើងដល់លើស១ទ្រីលានរូពី ឬ១២ពាន់លានដុល្លារអាមេរិក ជាលើកដំបូង ស្របពេលដែល​ប្រទេសមហាយក្សអាស៉ីមួយនេះ កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែក ទៅលើការនាំចូលផលិតផលយោធាពីក្រៅប្រទេស ដូចជាពីរុស្ស៉ីជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

ឥណ្ឌាគឺជាប្រទេសនាំចូលសព្វាវុធធំជាងគេបង្អស់របស់ពិភពលោក អំលុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានពឹងផ្អែកលើប្រទេសរុស្ស៉ីដល់ទៅជិត​ពាក់កណ្តាល នៃគ្រឿងបរិក្ខារយោធារបស់ខ្លួន។ យ៉ាងណាមិញ សង្រ្គាមអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំមុន បានបង្កភាពរាំងស្ទះ​ចំពោះគ្រឿងបន្លាស់យោធារបស់រុស្ស៉ី ​ដែលចាំបាច់សម្រាប់ឥណ្ឌាក្នុងការជួសជុលថែទាំរថក្រោះនិងយន្តហោះចម្បាំង ហើយសង្រ្គាមនោះក៏បានពន្យារពេល ការប្រគល់ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៉ី ឱ្យមកទីក្រុងញូដេលីផងដែរ។

ក្រសួងការពារជាតិឥណ្ឌា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទំហំផលិតកម្មវិស័យការពារជាតិក្នុងស្រុករបស់ឥណ្ឌា បានលោតដល់ ១.០៧ទ្រីលានរូពី ក្នុងឆ្នាំសារពើពន្ធដែលបានបិទបញ្ចប់កាលពីថ្ងៃទី៣១ ខែមីនា ហើយវាត្រូវបានរំពឹងថានឹងបន្តកើនឡើងបន្ថែម នៅពេលដែលទទួលបានទិន្នន័យ ពីក្រុមហ៊ុនឯកជនការពារជាតិមួយចំនួនទៀត។ យោងតាមទិន្នន័យរដ្ឋាភិបាល ការនាំចេញផលិតផលការពារជាតិរបស់​ឥណ្ឌាក៏បានកើនផងដែរ គឺកើន២៤ភាគរយ ទៅដល់ខ្ទង់១៦០ពាន់លានរូពី (១.៩៣ពាន់លានដុល្លារ) កាលពីឆ្នាំសារពើពន្ធកន្លងទៅ។

គួរបញ្ជាក់ថា ផលិតផលយោធាដែលឥណ្ឌានាំចេញ រួមមានដូចជាយន្តហោះដឹកជញ្ជូន Dornier-228, កាំភ្លើងធំ, មីស៉ីល ប្រាម៉ូស (Brahmos) ដែលផលិតរួមគ្នាជាមួយរុស្ស៉ី, ប្រព័ន្ធរ៉ាដា, រថពាសដែក, រ៉ុក្កែតនិងប្រព័ន្ធបាញ់រ៉ុក្កែត, គ្រាប់រំសេវ ព្រមទាំងសម្ភារផ្សេងៗ​ទៀត៕