(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្រោយការវាយប្រហារនៃព្យុះស៉ីក្លូន Mocha បានបន្តកើនដល់១៤៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

ព្យុះស៉ីក្លូនក៏មានឥទ្ធិពលខាងលើ បាននាំមកនូវការធ្លាក់ភ្លៀងខ្លាំងជោគជាំ រួមជាមួយកម្លាំងខ្យល់បក់ល្បឿនជិត ២០០គីឡូម៉ែត្រក្នុង​មួយម៉ោង នៅមីយ៉ាន់ម៉ានិងបង់ក្លាដែស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ រដ្ឋរ៉ាឃីន (Rakhine) របស់ប្រទេសមីយ៉ាន់ម៉ា ជាទីដែលជនជាតិរ៉ូហ៉ីងយ៉ា​រាប់សែននាក់រស់នៅ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ យោងតាមសេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា ក្នុងចំណោមអ្នកដែលបានស្លាប់កំលុងការវាយប្រហារនៃព្យុះស៉ីក្លូន គឺមានជនមូស្លីមភាគតិចនេះ ចំនួន១១៧នាក់។

គួរបញ្ជាក់ថា រីឯក្នុងប្រទេសបង់ក្លាដែសដែលនៅក្បែរខាងគ្នាវិញ ក្រុមមន្រ្តីបានឱ្យដឹងថា ពុំមាននរណាម្នាក់បានបាត់បង់ជីវិតឡើយ ដោយ​សារព្យុះស៉ីក្លូន Mocha ដែលបានបោកបក់កាត់ក្បែរតំបន់ជំរំជនភៀសខ្លួន ដែលជាទីសំណាក់របស់ជនជាតិរ៉ូហ៉ីងយ៉ាជិត១លាននាក់ ដោយភាគច្រើននៃពួកគេ គឺបានរត់គេចពីការបង្រ្កាបដឹកនាំដោយយោធា នៅឯប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧៕