(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេស​ប៉ាពូអាស៉ីនូវែលហ្គីណេ នៅថ្ងៃទី២១-២២ ខែឧសភា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ និងកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រទ្វេភាគី ព្រមទាំងជួបជាមួយមេដឹកនាំនៃក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការបរទេសអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក ប៊្លីនខិន គ្រោងបើកកិច្ចពិភាក្សាអំពីបញ្ហាចម្រុះជាច្រើនជាមួយ បណ្តាមេដឹកនាំ នៃប្រទេសដែនកោះប៉ាស៉ីហ្វិក រួមមានទាំងបញ្ហាដែលជាអាទិភាពរួម ដូចជាការដោះស្រាយវិបត្តិអាកាសធាតុ ហើយនិង​ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន សម្រាប់ប្រជាជននៃដែនកោះប៉ាស៉ីហ្វិក។ វត្តមានរបស់លោកប្រមុខការទូតអាមេរិកនៅ​ប៉ាពូអាស៉ីនូវែលហ្គីណេ គឺជាការជំនួសមុខឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលត្រូវបង្ខំចិត្តលុបចោលគម្រោងទស្សនកិច្ចដោយ​ផ្ទាល់របស់លោក ទៅកាន់ទីនោះ។

គួរបញ្ជាក់ថា វិបត្តិជុំវិញការចរចាពិតានប្រាក់បំណុលនៅសហរដ្ឋអាមេរិក បានបង្ខំឱ្យលោក បៃដិន សម្រេចចិត្តកាលពីថ្ងៃអង្គារសប្តាហ៍នេះ លុបចោលគម្រោងទស្សនកិច្ច នៅអូស្រ្តាលីនិងនៅប៉ាពូអាស៉ីនូវែលហ្គីណេ។ ដំបូងឡើយលោក បៃដិន បានគ្រោងធ្វើទស្សនកិច្ចជើងទី២ ទៅកាន់ប្រទេសទាំងពីរ ក្រោយចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន។ បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងព្យាយាមទប់ទល់ ការកើនឡើងឥទ្ធិពលរបស់ចិន នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ខណៈគម្រោងទស្សនកិច្ចរបស់លោក បៃដិន នៅប៉ាពូអាស៉ីនូវែលហ្គីណេ ត្រូវបានមើលឃើញថា ជាផ្នែកនៃកិច្ចប្រឹងប្រែងនោះ៕