(តូក្យូ)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលស៍ មីសែល (Charles Michel) បាននិយាយនៅថ្ងៃសុក្រនេះថា វាគឺជាផលប្រយោជន៍របស់សហភាពអឺរ៉ុប (EU) ក្នុងការរក្សា កិច្ចសហប្រតិបត្តិការប្រកបដោយ «ស្ថិរភាព និងការស្ថាបនា» ជាមួយប្រទេសចិន ខណៈបណ្តាមេដឹកនាំ G7 បានជួបប្រជុំគ្នាដើម្បីពិចារណាលើអ្វីដែលខ្លួនចាត់ទុកថាជា «ការសម្លុតគំរាមផ្នែកសេដ្ឋកិច្ច» របស់ចិន រួមទាំងកង្វល់ផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

មន្ត្រីអាមេរិកមួយរូបបាននិយាយថា បណ្តាមេដឹកនាំ G7 ដែលកំពុងជួបប្រជុំគ្នានៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងថានឹងចេញ សេចក្តីថ្លែងការណ៍រួមមួយអំពីការកំណត់ «សកម្មភាពជាក់លាក់មួយចំពោះប្រទេសចិន»។ ថ្លែងចេញពីទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក មីសែល បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «សហភាពអឺរ៉ុប ចង់កាត់បន្ថយហានិភ័យនៃការពឹងផ្អែកជ្រុល និងធ្វើពិពិធកម្មដើម្បីដោះស្រាយការអនុវត្តគ្មានតម្លាភាព»។ លោក មីសែល បានបន្ថែមថា «ទំនាក់ទំនងប្រកបដោយសិ្ថរភាព និងការស្ថាបនាជាមួយប្រទេសចិន គឺស្ថិតក្នុងផលប្រយោជន៍ទៅវិញទៅមក។ ដោយសារតួនាទីនៅក្នុងសហគមន៍អន្តរជាតិ និងទំហំនៃសេដ្ឋកិច្ច ចិនមានទំនួលខុសត្រូវពិសេសនៅក្នុងពិភពលោក ហើយត្រូវតែដើរតាមច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា ចិន ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់រុស្ស៉ីខាងផ្នែកថាមពល ហើយរុស្ស៉ីបានបង្កើនការពឹងផ្អែកលើប្រទេសចិនសម្រាប់ប្រាក់ចំណូលរដ្ឋពីការនាំចេញ បន្ទាប់ពី អតិថិជនមកពីលោកខាងលិចកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន៕