(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិមួយ ដែលមានតួនាទីប្រឹក្សាយោបល់ស្ដីពីការ ស្ដារឡើងវិញនូវការគ្រប់គ្រងរបស់អ៊ុយក្រែន លើតំបន់គ្រីមៀ ជាមួយការសង្កត់ធ្ងន់ថាការរំដោះឧបទ្វីបមួយនេះដែលត្រូវបានរុស្ស៉ីដណ្ដើមយកកាលពីឆ្នាំ២០១៤ ច្បាស់ណាស់ថា នឹងកើតឡើងយ៉ាងពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅឯពិធីមួយរៀបចំឡើងក្នុងទីក្រុងកៀវ ដើម្បីរំឮកខួបនៃការបណ្ដេញចេញជនជាតិតាតា (Tatars) ចេញពីតំបន់គ្រីមៀ ដោយ អាជ្ញាធរសូវៀត កាលពីឆ្នាំ១៩៤៤។ បើតាមលោក ហ្សេលេនស្គី បណ្ដាប្រទេសកាន់តែច្រើនឡើងចាប់ផ្ដើមយល់ឃើញថាសន្តិភាពនឹងមិនអាចកើតឡើងឡើយ បើគ្មានការប្រគល់ តំបន់គ្រីមៀ មកឱ្យអ៊ុយក្រែនវិញ។ «យើងនឹងបន្តការងាររបស់យើង ដើម្បីរំដោះតំបន់គ្រីមៀ។ ច្បាស់ណាថាវានឹងកើតឡើង ហើយតំបន់គ្រីមៀ នឹងត្រឡប់ទៅក្រោមប្រព័ន្ធគ្រប់គ្រង រដ្ឋរបស់អ៊ុយក្រែន»។ នេះការបញ្ជាក់របស់លោក ហ្សេលេនស្គី ប្រាប់សហគមន៍ជនជាតិតាតា។

គួរបញ្ជាក់ថា រុស្ស៉ី មិនបានបង្ហាញពីសញ្ញាបោះបង់ចោលតំបន់គ្រីមៀ ទេ រីឯអ៊ុយក្រែនវិញកំពុងត្រៀមខ្លួន បើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំសំដៅដណ្ដើមយកទឹកដីរបស់ខ្លួន ដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ។ ទាំងលោក ហ្សេលេនស្គី និងក្រុមមន្ត្រីអ៊ុយក្រែន សុទ្ធតែធ្លាប់បានលើកឡើងថាការដណ្ដើមយកតំបន់គ្រីមៀមកវិញ គឺជាគោលដៅ មួយនៅក្នុងចំណោមកម្មវត្ថុសំខាន់ៗរបស់ខ្លួន៕