(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាខ្លួនចង់ឱ្យមានការធ្វើបច្ចុប្បន្នភាពលើនីតីវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងការនាំចេញអាវុធ ទៅបរទេស ជាមួយការពន្លឿនការអនុម័តយល់ព្រមឱ្យលឿនជាងពេលសព្វថ្ងៃ ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់ក្រសួងការបរទេសអាមេរិក កើតមានឡើង ចំពេលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញថានីតិវិធី និងការប្រគល់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យសម្ព័ន្ធមិត្តមានភាពយឺតយ៉ាវ នៅចំពោះមុខនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោន ហៅថាការកើនឡើងការគំរាមកំហែងពីសំណាក់ចិន និងរុស្ស៉ី។ ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «នេះជាពេលដែលត្រូវវាយតម្លៃឡើងវិញ និងធ្វើការសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗដែលកំពុង កើតឡើង»។ ក្រសួងបន្តថាការប្រកួតប្រជែងជាមួយចិន ព្រមទាំងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺជាកត្តាដ៏សំខាន់មួយជំរុញឱ្យមានការអំពាវនាវឱ្យធ្វើបច្ចុប្បន្នភាពលើនីតិវិធី នាំចេញអាវុធ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក ការនាំចេញ ឬការលក់អាវុធទៅបរទេស ក្រោមការរៀបចំរបស់រដ្ឋាភិបាលអាមេរិក បានកើនឡើង ៤៩.១ភាគរយ ឬស្មើនឹង ៥១.៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ធៀបទៅនឹងឆ្នាំ២០២១ មាន ៣៤.៨ពាន់លានដុល្លារ៕