(ហាណូយ)៖ ប្រទេសវៀតណាម បានរិះគន់សកម្មភាពនាវាសា្រវជ្រាវចិនមួយគ្រឿង និងនាវាឆ្មាំសមុទ្រហ្វីលីពីន ក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយចោទប្រកាន់អ្នកជិតខាង ទាំង២នេះថាបំពានសិទ្ធិអធិបតេយ្យរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

ភាពតានតឹងនាពេលបច្ចុប្បន្នកំពុងឡើងកម្ដៅខ្លាំង នៅឯតំបន់សមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់មួយ មាននាវាពាណិជ្ជកម្មតូចធំធ្វើដំណើរឆ្លងកាត់ គិតជា ទឹកប្រាក់ស្មើនឹងជាង ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ។ នៅពេលត្រូវបានសាកសួរជុំវិញភាពតានតឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាំ ធូ ហាង (Pham Thu Hang) ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទាំងនាវារបស់ចិន និងហ្វីលីពីនសុទ្ធតែបានបំពានសិទ្ធិអធិបតេយ្យ និង ដែនសមត្ថកិច្ចរបស់វៀតណាម។ លោកស្រីបន្ថែមថាទីក្រុងហាណូយ នឹងចាត់វិធានការឆ្លើយតបយ៉ាងសមស្រប ដើម្បីការពារសិទ្ធិរបស់ខ្លួន។

គួរបញ្ជាក់ថា ខាងភាគីចិន បានអះអាងថាការស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខ្លួន គឺជាសកម្មភាពធម្មតានៅក្នុងដែនទឹក ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ចិន។ ចំណែកឯ ហ្វីលីពីន បានដំឡើងឧបករណ៍វាស់ស្ទង់រលកសមុទ្រ នៅតាមទីតាំងចំនួន៥ នៃតំបន់ទីប្រជុំកោះ Spratly ជាទីដែលវៀតណាមក៏កំពុងទាមទារចំណែករបស់ខ្លួនផងដែរ៕