(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការបញ្ជូ​នបេសកជនពិសេស លោក លី ហ៊ុយ (Li Hui) ទៅកាន់តំបន់អឺរ៉ុប ក្នុងសប្ដាហ៍នេះ ត្រូវបានគេប្រមើលទុកជាមុនថានឹងមិនអាចសម្រេចបាននូវភាពជឿនលឿន ឬច្រកចេញណាមួយសម្រាប់សន្តិភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះទេ។ លោក លី ដែល ជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី ទំនងជានឹងមិនធ្វើអ្វីច្រើនឡើយ ក្រៅតែពីប្រមូលព័ត៌មានទុករាយការណ៍ជូនលោក ស៊ី ជិនពីងវិញពីទស្សនៈយល់ឃើញ នៃដៃគូសន្ទនារបស់លោកក្នុងប្រទេសអ៊ុយក្រែន រុស្ស៉ី ប៉ូឡូញ បារាំង និងអាល្លឺម៉ង់។

ដំណើរទស្សនកិច្ចរបស់លោក លី នឹងក្លាយជាការបញ្ជាក់បន្ថែមថាលោក ស៊ី ជិនពីង កំពុងប្រឹងប្រែងដកខ្លួនចេញពីស្ថានភាពមួយដែលមានតែអ្នកឈ្នះ និងអ្នកចាញ់។ លោក ស៊ី ជិនពីង បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី កាលពីចុងខែមេសាកន្លងទៅ។ មិនតែប៉ុណ្ណោះ កាលពីដើមខែឧសភានេះ មាន សេចក្ដីរាយការណ៍ថាទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបពិភាក្សាជាមួយមន្ត្រីការទូតកំពូលចិន លោក Wang Yi ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ដោយមានសង្រ្គាមអ៊ុយក្រែនជារបៀបវារៈសំខាន់នៃកិច្ចចរចារវាងមន្ត្រីជាន់ខ្ពស់ទាំង២ ដែលបានបង្កឱ្យការព្រួយបារម្ភក្នុងវិមានក្រឹមឡាំង។

អស់រយៈពេលច្រើនជាងមួយឆ្នាំមកនេះ ក្រោយរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន លោក ស៊ី ជិនពីង និងទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ប្រហែលជាបានធ្វើ ការសន្និដ្ឋានថាសង្រ្គាមសព្វថ្ងៃ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ចិន ជាពិសេសគឺទំនាក់ទំនងរវាងចិន និងអឺរ៉ុបតែម្ដង។ សង្រ្គាមរបស់លោក ពូទីន បានបង្ក ការគំរាមកំហែងយ៉ាងធំដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក។ ប៉ុន្តែ ដោយសារតែ «ជំហរអព្យាក្រឹត» របស់ទីក្រុង ប៉េកាំងដែលត្រូវបានគេមើលឃើញថាលម្អៀងទៅខាងរុស្ស៉ី ព្រមទាំងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៉ី បណ្ដាប្រទេសអឺរ៉ុបភាគច្រើនចាប់ផ្ដើមមើលឃើញថាចិនកំពុង សមគំនិតក្នុងសង្រ្គាមឈ្លានពានរបស់លោក ពូទីន ដែលនេះបាន និងកំពុងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងព្រុចសែល និងទីក្រុងប៉េកាំងធ្លាក់ដល់ចំណុចទាបបំផុតមួយ មិនធ្លាប់មាន។ នេះឯងធ្វើឱ្យចិនយល់ថាមានតែបង្កើនល្បឿនជួយផ្សះផ្សាទេ ទើបអាចជួសជុល ឬប៉ះប៉ូវឡើងវិញការខូចខាតមួយចំនួន។

ជាការពិតណាស់ លោក ស៊ី ជិនពីង នឹងមិនកាត់ផ្ដាច់ចេញពីលោក ពូទីន ទាំងស្រុងនោះទេ។ ដ្បិតលោក ស៊ី ជិនពីង ដឹងយ៉ាងច្បាស់ថាចិនត្រូវការរុស្ស៉ីជាចាំបាច់ ក្នុងនាមជាដៃគូ យុទ្ធសាស្ត្ររយៈពេលវែង ដើម្បីប្រជែងជាមួយសហរដ្ឋអាមេរិក។ ម្លោះហើយ ដោយសារបរិបទភូមិសាស្ត្រនយោបាយទូលំទូលាយបែបនេះ ទើបមានការសង្ស័យពីឆន្ទៈរបស់ចិន ក្នុងការដាក់សម្ពាធលើលោក ពូទីន ឱ្យបិទបញ្ចប់សង្រ្គាម។ ព្រមពេលជាមួយគ្នា អ្វីដែលទីក្រុងប៉េកាំង កាន់តែត្រូវការទៅទៀតនោះ គឺធ្វើយ៉ាងណាឱ្យអឺរ៉ុបរក្សាជំហរអព្យាក្រឹត នៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។ តែរឿងបែបនេះមិនអាចធ្វើទៅរួចឡើយ ក្នុងពេលដែលសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយ។

សម្រាប់មេដឹកនាំលោកខាងលិច អ្វីដែលពួកគេមិនទុកចិត្ត គឺចិនមិនបានបញ្ជាក់ឱ្យច្បាស់ទេ ថាតើចង់ឱ្យសង្រ្គាមបញ្ចប់ទៅដោយរបៀបណា? ប៉ុន្តែ ប្រសិនបើការបិទបញ្ចប់ សង្រ្គាម អាចជួយឱ្យចិនទទួលបានមកវិញនូវលំហការទូតរបស់ខ្លួន រួមទាំងអាចស្ដាររូបភាពល្អនៅក្នុងតំបន់អឺរ៉ុបឡើងវិញ នោះលោក ស៊ី ជិនពីន អាចនឹងចាប់យកជំហាន មួយនេះ បើទោះជាវាអាចធ្វើឱ្យលោក ពូទីន មិនអាចសម្រេចគោលដៅដែលលោកចង់បានក៏ដោយ។ ដូច្នេះ សហរដ្ឋអាមេរិក និងអឺរ៉ុប គួរតែជំរុញលើកទឹកចិត្តឱ្យចិនបង្កើន ការចូលរួមក្នុងកិច្ចចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែន។ ពីព្រោះថាដរាបណា ចិនរវល់ព្យាយាមបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះសន្តិភាព យ៉ាងហោចណាស់ វានឹងធ្វើឱ្យ ចិនស្ទាក់ស្ទើរច្រើនក្នុងការផ្ដល់ជំនួយយោធាដល់រុស្ស៉ី។

លើសពីនេះទៅទៀត ការរក្សាឱ្យចិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព វាក៏អាចនឹងធ្វើឱ្យការខ្វែងគំនិតគ្នាមួយចំនួនរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ពាក់ព័ន្ធនឹង សង្រ្គាម លេចចេញជារូបរាងកាន់តែច្បាស់ ហើយវាក៏អាចផ្ដល់ឱកាសលោកខាងលិចទាញយកប្រយោជន៍ពីការខ្វែងគំនិតគ្នានេះ ដើម្បីដាក់សម្ពាធលើលោក ពូទីន ផងដែរ។ ក្នុងពេលនេះ ឆន្ទៈរបស់ចិនចំពោះសន្តិភាពនៅអ៊ុយក្រែន អាចនឹងមានសភាពធម្មតាៗ តែឆន្ទៈនេះអាចនឹងកាន់តែរីកធំឡើងៗ បើសង្រ្គាមឈ្លានចូលដល់ដំណាក់កាលជាប់គាំង ហើយនៅពេលនោះ ចិននឹងក្លាយជាភាគីតែមួយគត់ដែលអាចមានឥទ្ធិពលបញ្ចុះបញ្ចូលរុស្ស៉ី និងជាមហាអំណាចតែមួយគត់ដែលលោក ពូទីន អាចជឿជាក់បានថានឹងក្លាយជា អ្នកការពារផលប្រយោជន៍រុស្ស៉ីនៅឯតុចរចា៕