(ប៉េកាំង)៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងនឹងធ្វើឡើងនៅទីក្រុង Xi'anខេត្តShanxiប្រទេសចិន។ នេះជាកិច្ចប្រជុំកំពូលលើកដំបូងដែលត្រូវរៀបចំឡើងនៅកន្លែងផ្ទាល់ គិតតាំងពីប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ បានបង្កើតទំនាក់ទំនងការទូតរយៈពេល៣១ឆ្នាំមក ។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹង ការប្រែប្រួលដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ប្រមុខរដ្ឋនៃប្រទេសទាំង៦បានប្រជុំ នៅចំណុចចាប់ផ្តើមនៃផ្លូវសូត្របុរាណ គឺមានសារសំខាន់មិនធម្មតាទេ។

"អ្នកជិតខាងល្អ មិត្តភក្តិល្អ ដៃគូល្អនិងបងប្អូនល្អ" នេះគឺជាការឆ្លុះបញ្ជាំងពិតប្រាកដនៃទំនាក់ទំនង រវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥។ គិតតាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាលនៅឆ្នាំ១៩៩២មក ទំនាក់ទំនងរវាងភាគីទាំងពីរបានឆ្លងកាត់ការសាកល្បង នៃស្ថានការណ៍ប្រែប្រួលអន្តរជាតិឥតឈប់ឈរ ហើយសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ ដែលប្រែពីភាពសុខដុមរមនាជាមួយប្រទេសជិតខាង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រនិងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យបានចូលទៅក្នុងផ្លូវល្បឿនលឿន។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក លោកXiJinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ច នៅប្រទេសអាស៊ីកណ្តាលចំនួន៧ដង ដោយបន្សល់ទុកនូវស្នាមជើងនៅទីក្រុងសំខាន់ៗនៃផ្លូវសូត្របុរាណ ដូចជាទីក្រុង Bukhara និងទីក្រុងSamarkandជាដើម។ ប្រមុខរដ្ឋនៃបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥ ក៏បានបំពេញទស្សនកិច្ចនៅទីក្រុងជាច្រើន នៃប្រទេសចិនដូចជាទីក្រុងប៉េកាំង ទីក្រុងសៀងហៃនិងទីក្រុងឈីងតាវជាដើមផងដែរ។ លោកRahmonប្រធានាធិបតីតាហ្ស៊ីគីស្ថានធ្លាប់បានថ្លែងថា បងប្អូនល្អគួរចាប់ដៃគ្នាឆ្ពោះទៅមុខ!

បច្ចុប្បន្ននេះ ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល សុទ្ធតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់។ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ហើយបណ្តាប្រទេសអាស៊ីកណ្តាល ក៏ផ្តោតទៅលើការជំរុញការពន្លឿនការអនុវត្តយុទ្ធសាស្រ្តផងដែរ ដោយទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។ទន្ទឹមនឹងនេះ បណ្តាប្រទេសនានាសុទ្ធតែប្រឈមមុខនឹង ផលប៉ះពាល់នៃស្ថានការណ៍ប្រែប្រួលមិន ដែលធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍ ពួកគេកាន់តែមានក្តីបំណងយ៉ាងខ្លាំងក្លាក្នុងការរួមគ្នាពុះពារការសាកល្បង។ ក្នុងបរិបទនេះ ការធ្វើឡើងនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងគឺចំពេលវេលា ដែលនឹងជំរុញការកសាងទំនុកគ្នាទៅវិញទៅមក ខាងយុទ្ធសាស្រ្តរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅឥតឈប់ឈរ ដ៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងភាគីទាំងពីរឱ្យកាន់តែមានភាពទូលំទូលាយជាបន្តបន្ទាប់ ។

បណ្តាប្រទេសអាស៊ីកណ្តាលស្ថិតនៅទីតាំងនៅឆ្ងាយពីសមុទ្រ ការអភិវឌ្ឍគឺជារឿងសំខាន់ទីមួយ។ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល មានលក្ខណៈបំពេញបន្ថែមខាងសេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសនៅពេលបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថានក្នុងឆ្នាំ២០១៣ លោក XiJinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ" ជាលើកដំបូង ដែលបានបង្កើតឱកាសអភិវឌ្ឍន៍ដ៏ធំធេងសម្រាប់គ្នាទៅវិញទៅមក។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល បានឈានដល់៧ម៉ឺន២រយលានដុល្លារអាមេរិក ដែលបានកើនឡើងជាង១រយដងបើប្រៀបធៀប នឹងរយៈពេលទើបបង្កើតទំនាក់ទំនងការទូត។

មិត្តភក្តិអាស៊ីកណ្តាលតែងតែនិយាយថា ទោះបីជាអាស៊ីកណ្តាលនៅឆ្ងាយពីសមុទ្រក៏ដោយ ប៉ុន្តែ"យើងនៅជិតប្រទេសចិន ហើយទីផ្សារដ៏ធំអស្ចារ្យរបស់ប្រទេសចិនគឺជាសមុទ្ររបស់យើង"។ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាល កំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលថ្មី សេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យាខ្ពស់ជាដើម។ អាស៊ីកណ្តាលមិនត្រឹមតែជាតំបន់ ដែលបានលើកឡើងគំនិតផ្តួចផ្តើមស្តីពី "ខ្សែក្រវាត់និងផ្លូវជាលើកដំបូង" ប៉ុណ្ណោះទេ ថែមទាំងក៏ជាតំបន់គំរូទៀតផង។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលតែងតែគោរពគ្នាទៅវិញទៅមក រាប់អានគ្នាជាមួយប្រទេសជិតខាង រួមសុខទុក្ខជាមួយគ្នា ផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដោយបានបង្កើតគំរូល្អនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។ សព្វថ្ងៃនេះ ប្រមុខរដ្ឋនៃប្រទេសទាំង៦បានជួបជុំគ្នានៅទីក្រុងXi'an ដើម្បីរួមគ្នាស្វែងរកការអភិវឌ្ឍនាពេលអនាគត និងរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិន-អាស៊ីកណ្តាលឱ្យកាន់តែជិតស្និទ្ធ មុខជានឹងបង្កើត "ពេលវេលាមាស៣០ឆ្នាំ" បន្ទាប់មួយទៀតដែលគួរឱ្យទន្ទឹងរង់ចាំជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន