(ម៉ានីល)៖ ក្នុងពេលជួបសំណេះសំណាលជាមួយក្រុមមន្ត្រីកងទ័ពជើងទឹកមួយចំនួន នៅលើកោះដាច់ស្រយាលមួយក្នុងខេត្តប៉ាឡាវ៉ាន់ (Palawan) ក្បែរប្រជុំកោះស្ព្រេតលី (Spratly) ជាទីដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ប្រមុខយោធាហ្វីលីពីន លោក អាន់ដ្រេស សេនទីណូ (Andres Centino) បានរំលឹកដល់កងទ័ពថាបេសកកម្មរបស់ពួកគេគឺ «ការធានាឲ្យបាននូវសន្តិភាព» ប៉ុន្តែពួកគេមានតួនាទី «សំខាន់ណាស់» ក្នុងការការពារដែនទឹករបស់ហ្វីលីពីនប្រឆាំងនឹងអ្នកឈ្លានពាន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំំ២០២៣។

ប្រមុខយោធាហ្វីលីពីនរូបនេះ ក៏បានធានាផ្តល់ឲ្យនូវធនធាន និងកងទ័ពបន្ថែមទៀតផងដែរ ខណៈទីក្រុងម៉ានីល ធ្វើការកែទម្រង់យុទ្ធសាស្រ្តរបស់ខ្លួន ដែលពីមុនត្រឹមជាការយកចិត្តទុកដាក់លើសន្តិសុខផ្ទៃក្នុង ឲ្យទៅជាការការពារទឹកដី។ លោក សេនទីណូ បានគូសបញ្ជាក់ថា «យើងធ្វើឲ្យប្រាកដថា កងទ័ពត្រូវបានដាក់ពង្រាយកន្លែងដែលត្រូវការ។ នៅប៉ាឡាវ៉ាន់ យើងត្រូវការកងទ័ពនៅទីនេះ ព្រោះជាទីតាំងយុទ្ធសាស្ត្រ ដូច្នេះយើងត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់»

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅស្ថានីយ៍កងទ័ពជើងទឹកណាសាយសូ ឌេល រ៉ូសារីយ៉ូ (Narciso del Rosario) គឺជាកន្លែងឈប់ជើងទី២របស់លោក សេនទីណូ នៅតំបន់ប្រជុំកោះបាបាឡាក់ (Balabac) ដែលជាទីលោកបានត្រួតពិនិត្យ មូលដ្ឋានទ័ពអាកាសហ្វីលីពីនមួយកន្លែងទំហំ ៣០០ហិកតាផងដែរ។

មូលដ្ឋានទ័ពអាកាស Balabac គឺជាទីតាំងថ្មីមួយក្នុងចំណោមទីតាំងថ្មីចំនួន៤ ដែលហ្វីលីពីនបានអនុញ្ញាតឲ្យ កងទ័ពសហរដ្ឋអាមេរិកចូលប្រើប្រាស់ កាលពីខែកុម្ភៈ ក្រោមការពង្រីកកិច្ចព្រមព្រៀងការពារជាតិឆ្នាំ ២០១៤ ដែលធ្វើឡើងចំពេលមានការព្រួយបារម្ភ អំពីសកម្មភាពរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង និងភាពតានតឹងលើបញ្ហាតៃវ៉ាន់៕