(បាងកក)៖ មេដឹកនាំនៃគណបក្ស Move Forward ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍​នេះថា រូបលោកមានទំនុកចិត្តខ្ពស់ ក្នុងការស្វែងរកការគាំទ្របន្ថែម ដើម្បីឆ្ពោះទៅបង្កើតរដ្ឋាភិបាលមួយ ដែលមានស្ថិរភាពនិងតុល្យភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយជួបពិភាក្សាជាមួយគណបក្ស៧ទៀត ដែលជាដៃគូនៅក្នុងក្រុមចម្រុះរបស់លោក លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) ដែលជាមេដឹកនាំបក្ស Move Forward បាននិយាយថា លោកមានក្រុមការងារពិសេស សម្រាប់ការស្វែងរកការគាំទ្រ ដើម្បីធានាថាសម្ព័ន្ធភាពរបស់លោកមានអាសនៈគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេស។

លោក ភីថា បានលើកឡើងថា «ខ្ញុំមានគណៈកម្មាធិការនិងក្រុមអ្នកចរចា ដើម្បីស្វែងរកអ្វីដែលខ្ញុំត្រូវការបន្ថែម... អាសនៈដែលខ្ញុំត្រូវការ ដើម្បីធានាថា អភិបាលកិច្ចនឹងប្រព្រឹត្តទៅដោយមានស្ថិរភាព និងគ្មានការបាត់បង់តុល្យភាព។ រដ្ឋាភិបាលចម្រុះរបស់ខ្ញុំ កំពុងតែលេចចេញរូបរាង​ឡើងជាបណ្តើរៗហើយ ហើយយើងមានផែនទីបង្ហាញផ្លូវយ៉ាងច្បាស់មួយ ចាប់តាំងពីពេលនេះ រហូតដល់ថ្ងៃខ្ញុំក្លាយជានាយករដ្ឋមន្រ្តី»។

សម្ព័ន្ធភាពរបស់លោក ភីថា ទើបទទួលបានការចូលរួមពីគណបក្ស២បន្ថែមទៀត ជាមួយអាសនៈចំនួន៣ ដែលធ្វើឱ្យក្រុមចម្រុះនេះមាន​អាសនៈសរុប៣១៣អាសនៈ ក្នុងចំណោមអាសនៈទាំង៥០០ នៅរដ្ឋសភា។ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តី និងបង្កើតរដ្ឋាភិបាលបាន លោក ភីថា ត្រូវការការគាំទ្រចំនួន៣៧៦អាសនៈ ក្នុងចំណោមអាសនៈសរុបបញ្ចូលគ្នាចំនួន៧៥០ នៅរដ្ឋសភានិងព្រឹទ្ធសភា។

បញ្ហាចម្បងដែលក្រុមចម្រុះរបស់បក្ស Move Forward ត្រូវប្រឈម គឺឈ្នះការគាំទ្រពីសមាជិកមួយចំនួន ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំង២៥០នាក់ ដ្បិតពួកគេត្រូវបានតែងតាំងដោយអតីតរបបយោធាថៃ ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ហើយ​មានប្រវត្តិគាំទ្រតែគណបក្ស ដែលនៅខាងយោធាប៉ុណ្ណោះ។ គណបក្សទាំងនោះបានទទួលបរាជ័យធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតសកល ក្រោមស្នាដៃគណបក្ស Move Foward និងគណបក្សភឿថា ប៉ុន្តែលទ្ធភាពដែលក្រុមគណបក្សគាំទ្រដោយយោធា នាំគ្នាឆ្ពោះទៅបង្កើតរដ្ឋាភិបាលសំឡេងភាគតិចមួយនោះ ក្រោមការជ្រោមជ្រែងរបស់ព្រឹទ្ធសភា គឺមិនទាន់អាចផាត់ចោលទាំងស្រុងនៅឡើយទេ។

គួរបញ្ជាក់ថា សម្ព័ន្ធភាពរបស់លោក ភីថា បានបាត់បង់ឱកាសធំមួយ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ នៅពេលគណបក្ស ភូមិចាយថៃ (Bhumjaithai) ដែលជាបក្សទទួលជ័យជម្នះចំណាត់ថ្នាក់លេខ៣ ក្នុងការបោះឆ្នោតសកល ជាមួយអាសនៈដល់ទៅ៧០ បានឱ្យសញ្ញាថា ខ្លួននឹងមិនគាំទ្រនាយករដ្ឋមន្រ្តីណា ដែលមានបំណងធ្វើវិសោធនកម្មឬលុបចោល ច្បាប់ការពារព្រះចេស្តាព្រះមហាក្សត្រ​ឡើយ។ កន្លងមក គណបក្ស Move Forward បានផ្តោតការឃោសនារកសន្លឹកឆ្នោតរបស់ខ្លួន ទៅលើការផ្លាស់ប្តូរច្បាប់នេះ៕