(សិង្ហបុរី)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ បុរសម្នាក់ដែលជាប់ទោសពីបទរត់ពន្ធកញ្ឆា ត្រូវបានគេព្យួរកនៅសិង្ហបុរី ខណៈវាគឺជាការប្រហារជីវិត​អ្នកទោសលើកទី២ នៅប្រទេសដែនកោះមួយនេះ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

បុរសខាងលើ មានអាយុ៣៧ឆ្នាំ ត្រូវបានគេប្រហារជីវិតក្នុងពន្ធនាគារ ចាងហ្គី (Changi) ដែលស្ថិតនៅភាគខាងកើតប្រទេសសិង្ហបុរី។ បុរសម្នាក់នោះ ដែលជាពលរដ្ឋសិង្ហបុរីដើមកំណើតម៉ាឡេ ត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ២០១៩ ពីបទរត់ពន្ធកញ្ឆាទម្ងន់១.៥គីឡូក្រាម។ កាលពីថ្ងៃទី២៦ ខែមេសា សិង្ហបុរីទើបតែបានព្យួរកបុរសវ័យ៤៦ឆ្នាំម្នាក់ សម្រាប់ការរត់ពន្ធកញ្ឆាទម្ងន់ជាង១គីឡូក្រាម។

នៅក្រោមច្បាប់របស់សិង្ហបុរី សកម្មភាពរត់ពន្ធកញ្ឆាលើសពី៥០០ក្រាម គឺត្រូវប្រឈមមុខនឹងទោសប្រហារជីវិត។ បន្ទាប់ពីបានផ្អាកកំឡុង​ការរាតត្បាតនៃជំងឺកូវីដ១៩ សិង្ហបុរីបានព្យួរកអ្នកទោសសរុបចំនួន១១នាក់ កាលពីក្នុងឆ្នាំ២០២២ ដោយពួកគេសុទ្ធតែពាក់ព័ន្ធនឹងបទល្មើស​គ្រឿងញៀន។

គួរបញ្ជាក់ថា នៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ បណ្តាប្រទេសដែលនៅរក្សាទោសប្រហារជីវិត គឺត្រូវបានកំណត់ឱ្យប្រើប្រាស់វា សម្រាប់​តែបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ដូចជាការសម្លាប់មនុស្សដោយចេតនាជាដើម។ ប៉ុន្តែក្រសួងមហាផ្ទៃសិង្ហបុរី បានលើកហេតុផលបកស្រាយថា ទោសប្រហារជីវិតគឺជាសមាសធាតុដ៏សំខាន់មួយ នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ប្រទេសសិង្ហបុរី ហើយមានប្រសិទ្ធភាពក្នុងការ​រក្សាឱ្យសិង្ហបុរីមានសន្តិសុខនិងសុវត្ថិភាព៕