(បូហ្គោតា)៖ ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា ក្មេងៗចំនួន៤នាក់ ដែលបាត់ខ្លួនអស់រយៈពេលជាង ២សប្តាហ៍ ក្រោយការធ្លាក់យន្តហោះមួយគ្រឿង នៅតំបន់ព្រៃអាម៉ាហ្សូននៃប្រទេសកូឡុំប៊ី គឺត្រូវបានរកឃើញហើយ ដោយពួកគេនៅមានជីវិតទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

អាជ្ញាធរកូឡុំប៊ីបានចល័តទាហានជាង ១០០នាក់ ជាមួយសុនខហិតក្លិន ក្នុងប្រតិបត្តិការស្វែងរកក្រុមកូនក្មេងខាងលើ ដែលបានធ្វើដំណើរនៅលើ យន្តហោះខ្នាតតូចមួយគ្រឿង ដែលបានធ្លាក់នៅព្រៃអាម៉ាហ្សូន កាលពីថ្ងៃទី១ ខែឧសភា ហើយផ្តាច់ជីវិតមនុស្សពេញវ័យ៣នាក់។ នៅក្នុងចំណោមពួកគេ ក៏មានទារកអាយុត្រឹម១១ខែម្នាក់ផងដែរ ខណៈក្មេងៗ៣នាក់ទៀតគឺមានវ័យ៤ឆ្នាំ ៩ឆ្នាំ និង១៣ឆ្នាំ។ បើតាមការជឿជាក់របស់ក្រុមអ្នកសង្រ្គោះ កូនក្មេងទាំងនោះបាននាំគ្នាដើរពាសពេញព្រៃ ចាប់តាំងតែពីពេលយន្តហោះធ្លាក់។

កាលពីថ្ងៃចន្ទនិងអង្គារសប្តាហ៍នេះ ក្រុមទាហានបានរកឃើញសាកសពរបស់ពីឡុត និងមនុស្សពេញវ័យ២នាក់ទៀត ដែលបានធ្វើដំណើរ​ចេញពីទីតាំងមួយនៅក្នុងព្រៃ ដើម្បីឆ្ពោះទៅកាន់ទីក្រុងសានចូសេ ឌែលក្វាវែរ៉េ (San Jose del Guaviare) ដែលជាទីក្រុងធំមួយនៅក្នុងតំបន់​ព្រៃអាម៉ាហ្សូនរបស់ប្រទេសកូឡុំប៊ី។ ក្នុងចំណោម អ្នកដំណើរដែលបានបាត់បង់ជីវិតនោះ គឺមានស្រ្តីម្នាក់ ដែលត្រូវជាម្តាយរបស់ក្មេងៗទាំង៤នាក់ខាងលើ និងជាជនជាតិភាគតិច ហ៊ូយតូតូ (Huitoto)។

គួរបញ្ជាក់ថា យ៉ាងណាក្តី ពុំទាន់មានសេចក្តីរាយការណ៍ពីខាងយោធាកូឡុំប៊ីផ្ទាល់ ដែលទទួលស្គាល់ការរកឃើញកូនក្មេងទាំង៤នាក់ នៅឡើយទេ។ ដោយឡែក អាជ្ញាធរកូឡុំប៊ីមិនទាន់អាចកំណត់ច្បាស់ថា តើយន្តហោះខាងលើធ្លាក់ដោយសារមូលហេតុអ្វីឡើយ ប៉ុន្តែពីឡុតយន្តហោះ បានរាយការណ៍ពី បញ្ហាពាក់ព័ន្ធជាមួយម៉ាស៉ីន ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះមុនពេលវាបាត់ចេញពីប្រព័ន្ធរ៉ាដា៕