(ប៉េកាំង)៖ ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំតំបន់អាស៉ីកណ្តាល ដោយផ្ទាល់ជាលើកដំបូងក្នុងសប្តាហ៍នេះ ដែលជាការស្វែងរក ការពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ ដែលត្រូវបានគេចាត់ទុកថាជាខាងក្រោយផ្ទះរបស់រុស្ស៉ី ចំពេលទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសលោកខាងលិច កាន់តែធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុងស៉ីអាន (Xian) ស្ថិតនៅភាគខាងលិចប្រទេសចិន ធ្វើឡើងដំណាលគ្នានឹងកិច្ចប្រជុំ G7 នៅឯប្រទេសជប៉ុនចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា។ ប្រធានាធិបតី លោក ស៉ី ជិនពីង ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខកាន់តែស៊ីជម្រៅ ជាមួយសមភាគីមកពីប្រទេសកាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន តាហ្ស៉ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន ដែលសុទ្ធសឹងតែជាដែនដី អតីតសហភាពសូវៀត។

អ្នកនាង អាឌីណា ម៉ាសាលបេកូវ៉ា (Adina Masalbekova) ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ OSCE នៅទីក្រុងប៊ីស្កេក នៃប្រទេសកៀហ្ស៉ីស៉ីស្ថាន បានគូសបញ្ជាក់ថា «ទីក្រុងប៉េកាំងចង់លើកកម្ពស់ជម្រើសថ្មីមួយចំពោះសណ្តាប់ធ្នាប់ពិភពលោក ហើយព្យាយាមបញ្ចុះបញ្ចូលតំបន់អាស៊ីកណ្តាលឲ្យយល់ថា សណ្តាប់ធ្នាប់ពិភពលោកថ្មីនេះគឺល្អសម្រាប់ពួកគេផងដែរ»

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់ចិនជាមួយប្រទេសក្នុងតំបន់អាស៊ីកណ្តាលទាំង៥ បានកើនឡើងមួយរយដង គិតចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី ៣ទសវត្សរ៍មុន បន្ទាប់ពីការបែកបាក់នៃអតីតសហភាពសូវៀត។ ការវិនិយោគរវាងប្រទេសចិន និងប្រទេសទាំង ៥បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺជាង ៧០ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕