(បាងកក)៖ មនុស្សរាប់ម៉ឺននាក់ដែលភាគច្រើនជាយុវជន បានប្រមូលផ្ដុំ​នៅចំកណ្ដាលទីក្រុងបាងកក ដើម្បីអបអរសាទរជ័យជម្នះរបស់គណបក្ស Move Forward Party (MFP) លើគណបក្សគាំទ្រដោយយោធា ដែលបានគ្រប់គ្រងនយោបាយថៃ ជិតមួយទសវត្សរ៍មកនេះ។ ក្នុងទឹកមុខញញឹម និងលើកដៃគ្រវីចេញរថយន្ដ pick-up មេដឹកនាំ បក្ស Move Forward លោក Pita Limjaroenrat បានប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា «ថ្ងៃថ្មី ពន្លឺជាមួយក្ដីសង្ឃឹម សម្រាប់ប្រជាជនថៃ... អ្វីៗគ្រប់យ៉ាង គឺអាច ទៅរួចនៅក្នុងប្រទេសរបស់យើង នៅពេលដែលយើងទាំងអស់ធ្វើការងារជាមួយគ្នា។ នាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃនឹងមានឈ្មោះថា Pita Limjaroenrat ហើយក្នុងពេលឆាប់ៗ យើងនឹងផ្លាស់ប្ដូរប្រទេសនេះទាំងអស់គ្នា»

បើតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ គណបក្ស Move Forward ទទួលបានសំឡេងគាំទ្រ ១៥១អាសនៈ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ រីឯ គណបក្សភឿថៃទទួលបាន ១៤១អាសនៈ នៅក្នុងចំណោមអាសនៈរដ្ឋសភាសរុប ៥០០អាសនៈ។ គណបក្សប្រឆាំងទាំង២នេះបានយល់ព្រមបើកការចរចាគ្នា ដើម្បីបង្កើត ក្រុមចម្រុះ។ ប៉ុន្តែ ទោះជាទទួលបានជ័យជម្នះក៏ពិតមែន ក៏វានៅតែមិនទាន់ប្រាកដថាតើឥស្សរជនយោធាដែលមានភក្ដីភាពជាមួយព្រះមហាក្សត្រថៃ និងដែលបានធ្វើ រដ្ឋប្រហារចំនួន ២លើកក្នុងរយៈពេល ២០ឆ្នាំមកនេះ នឹងយល់ព្រមប្រគល់អំណាចឱ្យគណបក្សប្រឆាំងដឹកនាំប្រទេសដោយងាយស្រួលនោះឡើយ?

មានរនាំងពាំងផ្លូវជាច្រើនសម្រាប់គណបក្ស Move Forward ក្នុងដំណើរផ្លូវឆ្ពោះទៅដឹកនាំប្រទេស ហើយក្នុងចំណោមឧបសគ្គទាំងនេះទៀតសោត នោះគឺរដ្ឋធម្មនុញ្ញ សព្វថ្ងៃដែលបើកដៃឱ្យសមាជិកព្រឹទ្ធសភាតែងតាំងដោយយោធាទាំង២៥០រូប ចូលរួមបោះឆ្នោតជ្រើសអនាគតនាយករដ្ឋមន្ត្រី ព្រមទាំងគោលនយោបាយ និងមហិច្ឆតា ផ្សេងគ្នារវាងគណបក្ស Move Forward និងគណបក្សភឿថៃ ក៏ជាឧបសគ្គធំមួយផងដែរ។

* រនាំងពាំងផ្លូវ

ក្រុមអ្នកវិភាគបានប្រមើលទុកជាមុនថាដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រី អាចនឹងធ្លាក់ក្នុងភាពជាប់គាំងនយោបាយ បង្កទៅជាអស្ថិរភាពនៅក្នុងប្រទេសថៃ ដែលបាន ឆ្លងកាត់ការធ្វើរដ្ឋប្រហារ ២លើក និងបាតុកម្មតវ៉ាធំៗជាច្រើនក្នុងពេល ២០ឆ្នាំមកនេះ។ កាលណា មានភាពចលាចល ឬភាពជាប់គាំងនយោបាយ យោធាថៃដោយមាន ការគំាទ្រពីព្រះមហាក្សត្រ តែងតែចេញមុខធ្វើអន្តរាគមន៍។ លោកស្រី Punchada Sirivunnabood ជាសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ នៃ សាកលវិទ្យាល័យ Mahidol University ក្នុងទីក្រុងបាងកក បានកត់សម្គាល់ថា «ប្រសិនបើគណបក្ស Move Forward មិនអាចបង្កើតរដ្ឋាភិបានបានទេ នោះការបារម្ភ អាចនឹងកើតមានពីលទ្ធភាពដែលគណបក្សនេះត្រូវបានរំលាយចោល ឬក៏មានរដ្ឋប្រហារតែម្ដង»។ នេះឯងគឺជាហេតុផលមួយដែលអ្នកវិភាគភាគច្រើនកំពុងប្រមើល ទុកជាមុន។

ពិតមែនទៅ សមាជិកព្រឹទ្ធសភាភាគច្រើន ក្នុងចំណោម ២៥០នាក់បានបញ្ជាក់រួចទៅហើយថាពួកគេនឹងមិនគាំទ្ររដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Move Forward នោះទេ។ បេក្ខជនជានាយករដ្ឋមន្ត្រី ត្រូវតែប្រមូលឱ្យបាននូវសំឡេងគាំទ្ររួមគ្នាចំនួន ៣៧៦អាសនៈពីរដ្ឋសភា និងព្រឹទ្ធសភា ហើយបើចង់ជម្នះការជំទាស់ពីព្រឹទ្ធសភា ទាល់តែគណបក្សមួយអាចបង្កើតរដ្ឋាភិបាលចម្រុះមានសំឡេង ៣៧៦អាសនៈក្នុងរដ្ឋសភា។ តែបច្ចុប្បន្ន គណបក្ស Move Forward គ្រោងនឹងប្រមូលបានអាសនៈច្រើន បំផុតត្រឹមតែ ៣១០អាសនៈប៉ុណ្ណោះ ពីគណបក្សប្រឆាំង ៥ផ្សេងទៀតរួមមានទាំងភឿថៃ។

សម្រាប់ក្រុមសមាជិកព្រឹទ្ធសភា អី្វដែលជាបញ្ហាធំ និងមិនអាចទទួលយកបាន នោះគឺពាក្យសន្យារបស់គណបក្ស Move Forward ក្នុងការធ្វើកំណែទម្រង់ច្បាប់មួយចំនួន ដែលចង់កាត់បន្ថយតួនាទីយោធាលើឆាកនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងរាជានិយមថៃ តួយ៉ាងដូចជាច្បាប់កាត់ទោសអ្នកប្រមាថព្រះចេស្ដាដែលមានចែងក្នុងមាត្រា១១២ នៃរដ្ឋធម្មនុញ្ញ ដែលអាចផ្ដន្ទាទោសអ្នកប្រព្រឹត្តបទល្មើស ដាក់ពន្ធនាគារដល់ទៅ១៥ឆ្នាំ។ គណបក្ស Move Forward បានចោទប្រកាន់ថារដ្ឋាភិបាលចម្រុះដឹកនាំដោយ លោក ប្រាយុទ្ធ បានប្រើប្រាស់ច្បាប់នេះបង្ក្រាបក្រុមអ្នករិះគន់ ស្របពេលសមាជិកដឹកនាំចលនាបាតុកម្មរបស់ក្រុមយុវជនយ៉ាងហោច ២៤២នាក់ ក្នុងនោះយុវជនក្មេងបំផុត មានអាយុ ១៥ឆ្នាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះចេស្ដា។

សមាជិកព្រឹទ្ធសភាថៃ លោក Jadet Insawang និងជាមនុស្សម្នាក់មានភក្ដីភាពចំពោះរាជានិយមថៃ បានបញ្ជាក់ច្បាស់ៗនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយ ការសែត Bangkok Post ថា «គណបក្ស Move Forward និងលោក Pita ធ្លាប់បានប្រកាសថាពួកគេនឹងលុបចោលមាត្រា ១១២ ដែលនឹងប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ហើយនេះជារឿងមិនអាចទទួលយកបាន»។ លោកបន្ថែមទៀតថា «បើលោក Pita ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ខ្ញុំនឹងជំទាស់ ពីព្រោះខ្ញុំត្រូវធ្វើតាមរដ្ឋធម្មនុញ្ញ និងពាក្យ សម្បថរបស់ខ្ញុំ»។ គណបក្ស Move Forward មានរយៈពេល២ខែ ដើម្បីប្រមូលការគាំទ្រ មុននឹងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីអាចនឹងប្រព្រឹត្តទៅខែកក្កដា ឬនៅ ដើមខែសីហាខាងមុខ ភ្លាមៗបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតថៃផ្ទៀងផ្ទាត់ជាផ្លូវការនូវលទ្ធផលបោះឆ្នោត។

ដូចគ្នាទៅនឹងលោកស្រី Punchada Sirivunnabood ដែរ លោក Napon Jatsuripitak អ្នកវិទ្យាសាស្ត្រនយោបាយម្នាក់សម្រាប់វិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី យល់ថាបើគណបក្ស Move Forward មិនអាចរកបានសំឡេងគាំទ្រ ៣៧៦អាសនៈទេ នោះស្ថានការណ៍ជាប់គាំងនយោបាយ នឹងកើតឡើង។ លោក Jatsuripitak បានសង្កត់ធ្ងន់ដូច្នេះថា​ «នៅក្នុងរយៈពេល ២ខែខាងមុខ នៅពេលការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ធ្វើឡើង យើងអាចនឹងមើលឃើញការបោះឆ្នោតជាច្រើនជុំ ដោយមិនមាននរណាអាចបានសំឡេង ៣៧៦អាសនៈទេ ហើយបើតាមរដ្ឋធម្មនុញ្ញថៃ វាមិនមានការកំណត់រយៈពេល នៃនីតិវិធីបោះឆ្នោតឡើយ»

* ជម្រើសផ្សេងរបស់គណបក្សភឿថៃ

នៅក្នុងពេលជួបស្ថានការណ៍ជាប់គាំង គណបក្សភឿថៃអាចនឹងព្យាយាមបង្កើតរដ្ឋាភិបាលមួយដោយមិនមានគណបក្ស Move Forward។ នៅអំលុងយុទ្ធនាការឃោសនា បោះឆ្នោត គណបក្សភឿថៃ បានប្រកាសជាសាធារណៈថាខ្លួននឹងមិនប៉ះពាល់មាត្រា ១១២ឡើយ។ ការប្រកាន់ជំហរបែបនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងមួយ ដើម្បីផ្សះផ្សាជាមួយស្ថាប័នយោធាមានភក្ដីភាពជាមួយព្រះមហាក្សត្រថៃ នៅបន្ទាប់ពីត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសអស់ពេលជិត ២ទសវត្សរ៍មកនេះ។

នៅមុនការបោះឆ្នោត ការស្ទង់មតិជាច្រើនសុទ្ធតែបង្ហាញថាគណបក្សភឿថៃ នឹងក្លាយជាគណបក្សទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។ តែនៅថ្ងៃបោះឆ្នោត បែរជាគណបក្ស Move Forward ទៅវិញដែលទទួលបានអាសនៈច្រើនជាងគេ។ បើតាមលោក Napon Jatsuripitak ផ្ទុយពីគណបក្ស Move Forward គណបក្សភឿថៃ នៅមានជម្រើសផ្សេងទៀត ហើយនៅក្នុងចំណោមជម្រើសទាំងនោះ អាចជាការបង្កើតក្រុមចម្រុះជាមួយគណបក្សដទៃ ក្នុងនោះមានទាំងជាមួយគណបក្ស Palang Pacharat ដឹកនាំដោយក្លើរបស់លោក ប្រាយុទ្ធ គឺលោក Prawit Wongsuwan។ គណបក្ស Palang Pacharat ទទួលបាន ៤០អាសនៈនៅក្នុងការបោះឆ្នោតកាលពី ថ្ងៃអាទិត្យ។ ចំណែក គណបក្សដទៃទៀតដែលភឿថៃអាចរួមដៃជាមួយ គឺគណបក្ស Bhumjaithai មាន ៧១អាសនៈនៅក្នុងដៃ និងគណបក្ស Chart Thai Pattana Party ដែលឈ្នះបាន ១០អាសនៈ។

លោក Napon បន្តថាគណបក្សទាំងនេះក៏ប្រហែលជាមិនអាចរកសំឡេងបាន ៣៧៦អាសនៈដែរ ប៉ុន្តែពួកគេអាចនឹងទទួលបានការគំាទ្រពីសមាជិកព្រឹទ្ធសភា ដ្បិតលោក Prawit អាចមានលទ្ធភាពប្រមូលបានការគំាទ្រពីសមាជិកព្រឹទ្ធសភាមួយចំនួន នោះក៏ដោយសារតែរូបលោកផ្ទាល់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតែងតាំងពួកគេឱ្យទៅ អង្គុយកៅអីព្រឹទ្ធសភា។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តធ្វើបែបនេះ ក៏អាចធ្វើបក្សភឿថៃប្រថុយនឹងការបាត់បង់ការគំាទ្រពីអ្នកគាំទ្រមួយចំនួនរបស់ខ្លួនដែលស្អប់លោក Prawit និងយោធា។ នៅក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គណបក្សភឿថៃដឹកនាំដោយកូនស្រីពៅរបស់លោក ថាក់ស៊ីន គឺអ្នកនាង Paetongtarn Shinawatra មានអាយុ ៣៦ឆ្នាំ ទទួលស្គាល់ថាខ្លួនទទួលយកការអញ្ជើញពីគណបក្ស Move Forward ចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ហើយក៏មិនមានផែនការប្រកួតប្រជែងជាមួយបក្ស Move Forward ដើម្បីបង្កើតរដ្ឋាភិបាលនោះដែរ។

* ការធ្វើមាតុភូមិនិវត្តន៍របស់លោក ថាក់ស៊ីន?

ក្រុមអ្នកវិភាគមួយចំនួនបានបង្ហាញមន្ទិលសង្ស័យ ជាពិសេសនៅក្រោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានបង្ហាញពីបំណងប្រាថ្នាធ្វើមាតុភូមិនិវត្តន៍មកកាន់ ប្រទេសថៃ នៅខែកក្កដាខាងមុខ។ មិនតែប៉ុណ្ណោះ មួយរយៈពេលខ្លី មុនថ្ងៃបោះឆ្នោត អតីតមេដឹកនាំថៃវ័យ ៧១ឆ្នាំរូបនេះ និងដែលបានចំណាយពេលរស់នៅនិរទេសខ្លួន នៅបរទេសអស់ ១៧ឆ្នាំ ហាក់ដូចជាបានស្នើសុំការអនុញ្ញាតពីព្រះមហាក្សត្រថៃ Maha Vajiralongkorn ដើម្បីអាចត្រឡប់ចូលស្រុកវិញ នៅក្នុងសារមួយបង្ហោះលើ​ Twitter ជាមួយការបញ្ជាក់ថាលោកមានវ័យចំណាស់ទៅហើយ និងចង់ចំណាយពេលវេលាសេសសល់ជាមួយក្រុមគ្រួសារ។

លោក Titipol Phakdeewanich សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ Ubon Ratchathani ស្ថិតនៅភាគខាងកើតប្រទេសថៃ​ យល់ថាប្រសិនបើ លោក ថាក់ស៊ីន ពិតជាមានការប្ដេជ្ញាចិត្តធ្វើមាតុភូមិនិវត្តន៍ពិតប្រាកដមែន នោះទាំងគណបក្សភឿថៃ និងលោក ថាក់ស៊ីនផ្ទាល់មានតែត្រូវធ្វើយ៉ាងណាឱ្យបក្សភឿថៃ ដឹកនាំរដ្ឋាភិបាល។ ប៉ុន្តែ បើរួមដៃ ឬចូលរួមក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Move Forward ពួកគេនឹងបាត់បង់ឱកាស ឬអំណាចក្នុងការចរចាត្រួសត្រាយផ្លូវ ឱ្យលោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញ។

ដូច្នេះ ពួកគេមានតែជម្រើសដើរថយក្រោយមានជំហាន ដោយត្រឡប់ទៅសហការជាមួយគណបក្សគាំទ្រដោយយោធាដូចជា Palang Pracharat។ ប៉ុន្តែ បើលោក ថាក់ស៊ីន មានភាពក្លាហានត្រឡប់ចូលស្រុកវិញ ដោយមិនភ័យខ្លាចពីការចាប់ខ្លួន និងមិនចាំបាច់មានការសម្រុះសម្រួល នោះវាជាករណីពិសេសផ្សេងទៀត ហើយក្នុងនយោបាយ គ្មានរឿងណាមួយដែលមិនអាចកើតឡើងនោះទេ៕