(មូស្គូ)៖ វិមានក្រឹមឡាំង បានឱ្យដឹងថាអ្នកវិទ្យាសាស្ត្ររុស្ស៉ី ៣រូប ដែលទទួលខុសត្រូវលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង កំពុងប្រឈមមុខនឹង ការចោទប្រកាន់ធ្ងន់ធ្ងរ នៅក្នុងការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ដែលនេះបាន និងកំពុងបង្កការព្រួយបារម្ភដល់សហគមន៍អ្នកវិទ្យាសាស្ត្ររុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ នៅថ្ងៃពុធសប្ដាហ៍នេះ​បាននិយាយថាលោកទទួលបានលិខិតចំហមួយពីក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៉ី ក្នុងតំបន់ ស៊ីបេរី ដែលចេញមុខការពារអ្នកវិទ្យាសាស្ត្រទាំង៣រូបខាងលើ។ ប៉ុន្តែ លោក ប៉េសកូវបានបញ្ជាក់ថាសំណុំរឿងអ្នកទាំង៣ គឺជាភារកិច្ចរបស់សេវាសន្តិសុខជាតិ។

នៅក្នុងលិខិតចំហដដែល សហសេវិកនៃអ្នកវិទ្យាសាស្ត្រទាំង៣រូប ដែលរួមមានលោក អាន់តូលី ម៉ាស្លូវ (Anatoly Maslov), លោក អាឡិចសាន់ឌឺ ស៊ីភ្លីយុគ (Alexander Shiplyuk) និងលោក វ៉ាឡេរី ស្វេហ្គីនសេវ (Valery Zvegintsev) បានអះអាងថាអ្នកទាំង៣រូបនេះគ្មានទោសកំហុសអ្វីឡើយ ហើយថា កាត់ទោសណាមួយអាចនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់វិទ្យាសាស្ត្ររុស្ស៉ី។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងមិនបានបញ្ជាក់លម្អិតជុំវិញការស៊ើបអង្កេត ឬការចោទប្រកាន់ប្រឆាំងនឹងអ្នកវិទ្យាសាស្ត្រមីស៊ីលល្បឿនលឿនជាងសំឡេងទាំង ៣នាក់ខាងលើនោះទេ។ ប៉ុន្តែ សេចក្ដីរាយការណ៍នេះកើតមានឡើង បន្ទាប់ពីអ៊ុយក្រែនបានអះអាងពីការបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងរុស្ស៉ី ដល់ទៅ៦គ្រាប់ ក្នុងពេលតែមួយយប់ ទោះមូស្គូបដិសេធក៏ដោយ។ លោក ពូទីន បានចាត់ទុករុស្ស៉ីជាប្រទេសនាំមុខគេខាងបចេ្ចកវិទ្យាមីស៊ីលប្រភេទនេះដែល មានសមត្ថភាពហោះលឿនជាងសំឡេង ១០ដង ឬ ១២,២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចទម្លុះខែលមីស៊ីលការពារដែនអាកាសទាំងអស់ របស់សត្រូវ៕