(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងកាណាដាបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ និងធ្វើការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធ ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ​​ (ទី១៧ ខែឧសភា ឆ្នាំ២០២៣)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់កូរ៉េខាងត្បូង និងជាលើកដំបូងដោយមេដឹកនាំកាណាដាក្នុងរយៈពេលជិតមួយទសវត្សរ៍ បានជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sok Yul នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ។

បន្ទាប់ពីកិច្ចពិភាក្សា លោក Yoon បាននិយាយថា អ្នកទាំងពីរបានយល់ព្រមលើការធ្វើឱ្យ «កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ» នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់សារធាតុរ៉ែសំខាន់ៗ ដែលប្រើប្រាស់ក្នុងអាគុយរថយន្តអគ្គិសនី ដែលកាណាដាមានបម្រុង និងដែលក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងត្រូវការ។

មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងបានថ្កោលទោសកម្មវិធីនុយក្លេអ៊ែរដែលត្រូវបានហាមឃាត់របស់កូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់ លោក Trudeau ធ្វើឡើង បន្ទាប់ពីលោក Yoon បានទៅបំពេញទស្សនកិច្ចនៅទីក្រុងអូតូវ៉ា កាលពីឆ្នាំមុន។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរសុទ្ធតែបានបញ្ចេញផែនការយុទ្ធសាស្រ្តរៀងៗខ្លួន សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលផ្តល់នូវផែនទីគោលដៅ សម្រាប់ការពង្រឹងទំនាក់ទំនងយោធា ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងតំបន់នេះ ដើម្បីទប់ទល់នឹងការកើនឡើងនៃ​ឥទ្ធិពលរបស់ចិន៕