(តៃប៉ិ)៖ គណបក្សប្រឆាំងធំជាងគេរបស់កោះតៃវ៉ាន់ គឺគណបក្ស គួមីនតាង (Kuomintang/KMT) នៅថ្ងៃពុធនេះ បានសម្រេចជ្រើសរើស អភិបាលក្រុងតៃប៉ិថ្មី (New Taipei City) លោក ហូ យ៉ូយី (Hou Yu-ih) ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន សម្រាប់ការបោះឆ្នោត​​ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

ប្រធានបក្ស KMT លោក អេរិគ ជូ (Eric Chu) បាននិយាយថា ដើម្បីអនាគតរបស់កោះតៃវ៉ាន់ និងសន្តិភាពនៅត្រើយទាំងសងខាង​នៃច្រកសមុទ្រតៃវ៉ាន់ គណបក្ស KMT ចាំបាច់ត្រូវតែវិលត្រឡប់មកកាន់អំណាចវិញ។ លើកចុងក្រោយបង្អស់ ដែលបក្ស KMT គ្រប់គ្រង​អំណាចគឺកាលពីចន្លោះឆ្នាំ២០០៨-២០១៦ អំលុងគ្រាដែលទំនាក់ទំនង មានភាពកក់ក្តៅជាមួយចិន។ គណបក្ស KMT បដិសេធថា ​ខ្លួនមិនមាននិន្នាការគាំទ្រទីក្រុងប៉េកាំងទេ ប៉ុន្តែចង់ឱ្យមានការរក្សាទំនាក់ទំនងល្អជាមួយចិន ហើយគាំទ្រសំណើដែលថា ភាគីទាំងពីរសុទ្ធតែជាផ្នែកនៃចិនតែមួយ ប៉ុន្តែភាគីម្ខាងៗអាចមានការបកប្រែអត្ថនន័យខុសពីគ្នា នៃពាក្យចិនតែមួយនេះ។

គួរបញ្ជាក់ថា ជាអតីតប្រធានទីភ្នាក់ងារប៉ូលិសជាតិតៃវ៉ាន់ លោក ហូ បានបន្តជាប់ឆ្នោតជាអភិបាលទីក្រុងតៃប៉ិថ្មី ជាមួយសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតថ្នាក់តំបន់កាលពីចុងឆ្នាំមុន នៅពេលដែលគណបក្សកាន់អំណាចបច្ចុប្បន្នគឺ DPP បានទទួលបរាជ័យក្រោមដៃបក្ស KMT។ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ នាខែមករា ឆ្នាំក្រោយ លោក ហូ នឹងត្រូវប្រកួតប្រជែងជាមួយអនុប្រធានាធិបតី​តៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) ដែលជាបេក្ខជនតំណាងបក្ស DPP ហើយកំពុងតែមានសំឡេងគាំទ្រនាំមុខ​ ក្នុងលទ្ធផល​ស្ទង់មតិ ដែលចេញផ្សាយក្នុងសប្តាហ៍នេះ៕