(កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានតុលាការកំពូលនៃប្រទេសអ៊ុយក្រែន ត្រូវបានឃាត់ខ្លួននិងដកពីតំណែង ពាក់ព័ន្ធការស៉ើប​អង្កេតករណីស៉ីសំណូកមួយ ដែលអាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយអ៊ុយក្រែន ចាត់ទុកជាសំណុំរឿងដ៏ធំបំផុត។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

លោក អូឡិចសាន់ដឺ អូមេលឆិនកូ (Oleksandr Omelchenko) ដែលជារដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាឯកទេសផ្នែកប្រឆាំង​អំពើពុករលួយ (SAPO) បាននិយាយថា ប្រធានតុលាការកំពូលអ៊ុយក្រែនត្រូវបានឃាត់ខ្លួន ក្រោមការសង្ស័យពាក់ព័ន្ធការស៉ីសំណូក។ លោក អូមេលឆិនកូ មិនបានបង្ហើបពីអត្តសញ្ញាណរបស់ចៅក្រមកំពូលរូបនោះឡើយ ប៉ុន្តែគេដឹងថាមកទល់ពេលនេះ តុលាការកំពូលអ៊ុយក្រែន​ត្រូវបានដឹកនាំដោយ លោក វីសេវ៉ូឡូដ ឃ្ញែហ្សេវ (Vsevolod Kniaziev)។ ប៉ុន្មានម៉ោងក្រោយការឃាត់ខ្លួនខាងលើ តុលាការកំពូលអ៊ុយក្រែនបានកោះប្រជុំពេញអង្គបន្ទាន់មួយ​ ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្ត​ពី​លោក ឃ្ញែហ្សេវ ហើយបានដកតំណែងជាប្រធានតុលាការរបស់លោក។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ការិយាល័យជាតិប្រឆាំងអំពើពុករលួយអ៊ុយក្រែន NABU បានប្រកាសថា អាជ្ញាធរប្រយុទ្ធប្រឆាំង​អំពើពុករលួយ កំពុងធ្វើការស៉ើបអង្កេតសកម្មភាពពុករលួយទ្រង់ទ្រាយធំ នៅក្នុងប្រព័ន្ធតុលាការកំពូល។ នៅក្នុង​សេចក្តីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារ NABU បានឱ្យដឹងថា ប្រធានតុលាការកំពូលអ៊ុយក្រែន ជាប់សង្ស័យពីបទទទួលសំណូកចំនួន​រហូតដល់ ២.៧លានដុល្លារអាមេរិក។ ទោះកំពុងស្ថិតក្នុងសង្រ្គាមជាមួយប្រទេសរុស្ស៉ីក៏ដោយ ទីក្រុងកៀវបានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីបោសសំអាតអំពើពុករលួយ ដ្បិតការធ្វើយ៉ាងដូច្នោះ មានសារសំខាន់ដើម្បីបំពេញតាមលក្ខខណ្ឌ ក្នុងការឆ្ពោះទៅក្លាយជា សមាជិករបស់​សហភាពអឺរ៉ុប (EU)៕