(អាប៊ូហ្សា)៖ ក្បួនរថយន្តរបស់បុគ្គលិកស្ថានទូតអាមេរិក បានរងនូវការបាញ់ប្រហារនៅឯភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលឲ្យស្លាប់បុគ្គលិកពីរនាក់ និងមន្ត្រីប៉ូលិសពីរនាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

ការវាយប្រហារបានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅជិតទីក្រុងអាតានី (Atani) នៃរដ្ឋអាណាមប្រា (Anambra) របស់ប្រទេសនីហ្សេរីយ៉ា ដោយពេលនោះខ្មាន់កាំភ្លើងក៏បានចាប់ពង្រត់អ្នកបើកបរម្នាក់ និងប៉ូលិសពីរនាក់ផ្សេងទៀត។ អ្នកនាំពាក្យរបស់ប៉ូលិស បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះពួកគេនៅតែដំណើរការ។

អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ខឺប៊ី (John Kirby) បាននិយាយក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ក្បួនរថយន្តរបស់សហរដ្ឋអាមេរិក ទំនងជាត្រូវបានវាយប្រហារ។ ពេលនេះបុគ្គលិកការទូតរបស់ខ្លួនកំពុងធ្វើការ ជាមួយទីភ្នាក់ងារសន្តិសុខនីហ្សេរីយ៉ាដើម្បីស៊ើបអង្កេត។

គួរបញ្ជាក់ថា ប៉ូលិសនៅក្នុងតំបន់ជឿជាក់ថា ករណីនេះមានជាប់ពាក់ព័ន្ធនឹងក្រុមបំបែកខ្លួនជនជាតិដើមភាគតិចប៊ីយ៉ាហ្វ្រា (Biafra) ដែលបានដឹកនាំការជំរុញឲ្យ មានរបបផ្តាច់ខ្លួនចេញពីប្រទេសនីហ្សេរីយ៉ា ដើម្បីបង្កើតជាសាធារណរដ្ឋមួយ។ កាលពីឆ្នាំ២០២០ ក្រុមនេះបានបង្កើតអង្គការប៉ារ៉ាមួយ ដែលមានឈ្មោះថា បណ្តាញសន្តិសុខភាគខាងកើត ដែលទំនងជាដើម្បីការពារកសិករក្នុងស្រុក និងអ្នកស្រុកពីឧក្រិដ្ឋកម្ម ប៉ុន្តែប៉ូលិសនីហ្សេរីយ៉ា ចោទប្រកាន់ក្រុមនេះថាតែងតែបង្កឲ្យមានអំពើហិង្សា៕