(ឡុងដ៍)៖ នាថ្ងៃចន្ទនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរមកដល់ចក្រភពអង់គ្លេស ដើម្បីជួបជាមួយ​នាយករដ្ឋមមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ដែលនឹងសន្យាផ្តល់មីស៉ីលការពារដែនអាកាស ព្រមទាំងដ្រូនសម្រាប់​វាយប្រហាររយៈចម្ងាយឆ្ងាយរាប់រយ ឱ្យទៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី បានសរសេរលើប្រព័ន្ធ Twitter ដូច្នេះថា «ថ្ងៃនេះនៅទីក្រុងឡុងដ៍។ អង់គ្លេសគឺជាអ្នកនាំមុខមួយ បើនិយាយអំពី​ការជួយជ្រោមជ្រែង ពង្រីកសមត្ថភាពយោធារបស់យើង ទាំងនៅលើដីគោកនិងនៅលើផ្ទៃអាកាស។ កិច្ចសហប្រតិបត្តិការនេះនឹងបន្តទៅមុខទៀត។ ខ្ញុំនឹងជួបមិត្ត រីស៉ី ហើយយើងនឹងធ្វើការពិភាក្សាប្រកបដោយអត្ថន័យ ក្នុងលក្ខណៈទល់មុខគ្នា និងរវាងប្រតិភូ»

បើតាមសេចក្តីថ្លែងការណ៍​​​របស់ទីក្រុងឡុងដ៍ កំលុងជំនួបជាមួយលោក ហ្សេលេនស្គី លោក ស៊ូណាក់ នឹងប្រកាសអំពីការផ្តល់ជំនួយ​បន្ថែមទៀតរបស់ចក្រភពអង់គ្លេស ក្នុងការផ្តល់មីស៉ីលការពារដែនអាកាស និងប្រព័ន្ធយន្តហោះដ្រូនសរុបរាប់រយ ដោយក្នុងនោះនឹង​រួមមានទាំងដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលអាចធ្វើប្រតិបត្តិការបាន ជាង២០០គីឡូម៉ែត្រ។

កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានក្លាយជាប្រទេសលោកខាងលិចដំបូងគេ ដែលបានផ្តល់មីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយឱ្យទៅ​អ៊ុយក្រែន ជាមួយមីស៉ីលឈ្មោះថា Storm Shadow របស់ខ្លួន ដែលអាចបាញ់ចេញពីយន្តហោះបានចម្ងាយ ២៥០គីឡូម៉ែត្រ។ ទីក្រុងឡុងដ៍គឺជាអ្នកផ្គត់ផ្គង់ជំនួយសព្វាវុធធំជាងគេលំដាប់ទី២ ឱ្យទីក្រុងកៀវ បន្ទាប់ពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ លោកប្រធានាធិបតីអ៊ុយក្រែន បានបំពេញទស្សនកិច្ចជាបន្តបន្ទាប់នៅតាម​ប្រទេសអឺរ៉ុបមួយចំនួន ដូចជាអ៉ីតាលី អាល្លឺម៉ង់ និងបារាំង ស្របពេលដែលលោកកំពុងព្យាយាមស្វែងរក ការបង្កើនជំនួយយោធាក៏ដូចជា​ហិរញ្ញវត្ថុបន្ថែមទៀត សម្រាប់ប្រទេសរបស់លោក មុនការបើកប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ ទាំងអាល្លឺម៉ង់និងបារាំង សុទ្ធតែបានប្រកាសផ្តល់ជំនួយយោធាថ្មីៗដូចគ្នាឱ្យទីក្រុងកៀវ ដោយក្នុងនោះកញ្ចប់ជំនួយរបស់អាល្លឺម៉ង់ មានទំហំដល់ទៅ៣ពាន់លាន​ដុល្លារ​ ដែលធំបំផុតរបស់ទីក្រុងបែរឡាំង គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន៕