(បាងកក)៖ នាថ្ងៃចន្ទនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានបញ្ចប់ជាស្ថាពរហើយនូវដំណើរការរាប់សន្លឹកឆ្នោត ដោយ​បានប្រកាសថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

ប្រធានគណៈកម្មការបោះឆ្នោតថៃ លោក អ៉ីតទីផន ប៊ូ​នប្រាខុង (Ittiporn Boonpracong) បាននិយាយថា គណបក្ស MFP ឈ្នះបានអាសនៈ​សរុបចំនួន១៥១ ដែលជាចំនួនច្រើនលើសគេ។ បន្ទាប់មកគណបក្ស ភឿថៃ (Pheu Thai) ឈ្នះបាន១៤១អាសនៈ, គណបក្ស ភូមិចាយថៃ (Bhumjaithai) ឈ្នះបាន៧១អាសនៈ, គណបក្ស ប៉ាឡាងប្រាឆារ៉ាត (Palang Pracharath) ឈ្នះបាន៤០អាសនៈ ហើយ​គណបក្ស ថៃរួបរួមជាតិ (United Thai Nation) ឈ្នះបាន៣៦អាសនៈ។ បើតាមលោក អ៉ីតទីផន ៧៥.២២ភាគរយ នៃប្រជាជនមានសិទ្ធិបោះឆ្នោត បាននាំគ្នាចូល​រួមការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ដែលជាកំណត់ត្រាថ្មីមួយ លើសពីកំណត់ត្រាចាស់៧៥.០៣ភាគរយ កាលពីឆ្នាំ២០១១។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទនេះ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) បានទទួលស្គាល់ថា គណបក្សរបស់លោកនឹងបង្កើតរដ្ឋាភិបាលចម្រុះ មួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយ គណបក្សគាំទ្រដោយយោធាថៃនោះឡើយ។

លទ្ធផលនៃការបោះឆ្នោតខាងលើ មិនទាន់អាចសម្រេចបានថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី ឬក៏នរណាអាចនឹងបង្កើតរដ្ឋាភិបាល បាននៅឡើយទេ។ ការតែងតាំងនាយករដ្ឋមន្ត្រី ឬក៏ការបង្កើតរដ្ឋាភិបាលត្រូវធ្វើឡើងតាមរយៈរដ្ឋសភា និងព្រឹទ្ធសភា ដែលអាចនឹងប្រព្រឹត្តទៅនៅ ខែកក្កដាខាងមុខ ហើយត្រូវការសំឡេងគាំទ្រសរុប យ៉ាងហោច៣៧៦។ ដូច្នេះ គណបក្សប្រឆាំងត្រូវរកដៃគូក្រុមចម្រុះ រីឯគណបក្សគាំទ្រដោយយោធា ក៏ត្រូវរកដៃគូបង្កើតក្រុមចម្រុះដូចគ្នាដែរ។ បញ្ហាស្មុគស្មាញ គឺនៅត្រង់ថា សមាជិកព្រឹទ្ធសភា ទាំង២៥០នាក់ សុទ្ធតែត្រូវបានតែងតាំងដោយយោធា ម្លោះហើយពួកគេមុខជាមានទំនោរបោះឆ្នោតគាំទ្រដល់គណបក្ស ឬបេក្ខជននាយករដ្ឋមន្ត្រី គាំទ្រដោយយោធា៕