(ប៉ារីស)៖ នៅថ្ងៃចន្ទនេះ បារាំងបានសន្យាបញ្ជូនរថក្រោះធុនស្រាល ព្រមទាំងរថពាសដែករាប់សិបគ្រឿងទៀតឱ្យអ៊ុយក្រែន ហើយនឹងផ្តល់​ការហ្វឹកហ្វាត់ ដែលចាំបាច់ ដល់កងទ័ពអ៊ុយក្រែន ស្តីពីការប្រើប្រាស់ពួកវាឱ្យមានប្រសិទ្ធិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍រួមនាថ្ងៃចន្ទនេះ មេដឹកនាំបារាំងនិងអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា «ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ បារាំង​នឹងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន ហើយបំពាក់ពួកគេនូវរថក្រោះធុនស្រាលនិងរថពាសរាប់សិបគ្រឿងបន្ថែមទៀត ដែលរួមមានទាំង​រថពាសដែកប្រយុទ្ធ AMX-10RC»។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានមកដល់​ប្រទេសបារាំង កាលពីយប់ថ្ងៃអាទិត្យ។ ទីក្រុងប៉ារីសបាននិយាយថា ខ្លួនក៏នឹងផ្តោតទៅលើ ការគាំទ្រដល់សមត្ថភាពការពារដែនអាកាស​របស់អ៊ុយក្រែន ក្នុងការការពារប្រជាជនប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីផងដែរ។ មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍រួម ក៏បានព្រមានពីការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើទីក្រុងមូស្គូថែមទៀតផង។

គួរបញ្ជាក់ថា វត្តមានរបស់លោកប្រធានាធិបតីអ៊ុយក្រែននៅទីក្រុងប៉ារីស គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចកាលពីចុងសប្តាហ៍កន្លងទៅ​របស់លោក នៅប្រទេសអឺរ៉ុបជាសម្ព័ន្ធមិត្តមួយចំនួន ដើម្បីស្វែងរកការគាំទ្របន្ថែមផ្នែកយោធានិងហិរញ្ញវត្ថុ មុនការបើកប្រតិបត្តិការវាយបក ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ។ កាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានទៅដល់ទីក្រុងរ៉ូម និង​ជួបជាមួយថ្នាក់ដឹកនាំអ៉ីតាលី ព្រមទាំងសម្តេចប៉ាប ហ្រ្វង់ស៉ីស។ រីឯកាលពីថ្ងៃអាទិត្យ លោកបានបន្តដំណើរទៅកាន់ទីក្រុងបែរឡាំង បន្ទាប់ពី​អាល្លឺម៉ង់ទើបប្រកាសផ្តល់កញ្ចប់យោធាថ្មីដ៏ធំសម្បើម ទំហំប្រមាណ៣ពាន់លានដុល្លារ។ នៅអាល្លឺម៉ង់ លោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវនិងសម្ព័ន្ធមិត្តលោកខាងលិច អាចយកជ័យជម្នះលើរុស្ស៉ីបាន ក្នុងឆ្នាំនេះ៕