(អ៉ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៉ីមរ៉ន ខាន់ (Imran Khan) បានអំពាវនាវឲ្យមានការតវ៉ាទាមទារ «សេរីភាព» នៅទូទាំងប្រទេស បន្ទាប់ពី លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារសប្តាហ៍មុន ដែលនាំឲ្យមានការតវ៉ាដោយហិង្សានៅទូទាំងប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើយោងតាមការដកស្រង់ផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

គិតត្រឹមព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) អំពើហិង្សា និងភាពចលាចលផ្នែកនយោបាយដែលកើតមានរយៈពេលជាច្រើនថ្ងៃមកនេះ ហាក់មានភាពស្ងប់ស្ងាត់។ ក្រោយតុលាការកំពូលបញ្ជាឲ្យដោះលែង បន្ទាប់ពីការឃុំខ្លួនក្នុងសំណុំរឿងពុករលួយ អតីតមេដឹកនាំវ័យ ៧០ឆ្នាំរូបនេះ បានអំពាវនាវដល់ក្រុមអ្នកគាំទ្ររបស់លោក ឲ្យធ្វើការតវ៉ាទូទាំងប្រទេសប៉ាគីស្ថានចាប់តាំងពីល្ងាចថ្ងៃអាទិត្យ។ លោក ខាន់ បានគូសបញ្ជាក់តាមរយៈសារជាវីដេអូមួយថា «សេរីភាពមិនមែនបានមក ដោយងាយស្រួលនោះទេ។ យើងត្រូវតែចាប់យក ត្រូវតែលះបង់ដើម្បីសេរីភាព»

គួរបញ្ជាក់ថា លោក ខាន់ កំពុងប្រឈមមុខនឹងសំណុំរឿងជាច្រើន ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្រ្តី ក្រោយសភាបោះឆ្នោត ដកទំនុកចិត្ត កាលពីខែមេសា ឆ្នាំ២០២២។ លោក ខាន់ នៅតែរក្សាជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការទាមទារឲ្យមានការបោះឆ្នោតឡើងវិញឲ្យបានឆាប់។ ទោះបីជាលោក ខាន់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែថ្នាក់ដឹកនាំកំពូលៗជាច្រើននៃគណបក្ស PTI របស់លោក នៅតែស្ថិតក្រោមការចាប់ខ្លួននៅឡើយ៕