(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Washington Post បានរាយការណ៍ថាថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានផ្ដល់សំណើបង្ហើបពីទីតាំងរបស់កងទ័ពរុស្ស៉ី ទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន ដោយសំអាងលើឯកសារសម្ងាត់អាមេរិកដែលបានបែកធ្លាយ កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

ទាហានស៊ីឈ្នួលរុស្ស៉ីមកពីក្រុមហ៊ុន Wagner បាននិងកំពុងដឹកនាំការប្រយុទ្ធក្នុងទីក្រុងបាកមូត ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ បើតាម Washington Post លោក ព្រីហ្គោហ្ស៉ីន កាលពីខែមករាកន្លងទៅបានធ្វើការតថ្លៃមួយជាមួយទីក្រុងកៀវ ដោយយល់ព្រមបង្ហើបពីទីតាំងរបស់ទាហានរុស្ស៉ីប្រាប់ទីភ្នាក់ងារចារកម្ម អ៊ុយក្រែន ជាថ្នូរឱ្យកងទ័ពអ៊ុយក្រែនដកថយចេញពីសមរភូមិបាកមូត។ ប៉ុន្តែ ខាងភាគីអ៊ុយក្រែនបានបដិសេធសំណើនេះ។

គួរបញ្ជាក់ថា បើតាមកាសែត Washington Post សំណើរបស់លោក ព្រីហ្គោហ្ស៉ីន ត្រូវបានធ្វើឡើងតាមរយៈការទំនាក់ទំនងរបស់លោកជាមួយទីភ្នាក់ស៊ើបការណ៍ សម្ងាត់អ៊ុយក្រែន។ ក៏ប៉ុន្តែ​ ខាងសេតវិមាន អ៊ុយក្រែន ឬក៏លោក ព្រីហ្គោហ្ស៉ីនផ្ទាល់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់ Washington Post នោះទេ៕