(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចអាចយកជ័យជម្នះលើរុស្ស៉ី ក្នុងឆ្នាំនេះ ខណៈអ៊ុយក្រែនទទួលបានកញ្ចប់ជំនួយយោធាថ្មីដ៏ធំសម្បើម កំលុងលោក ហ្សេលេនស្គីបំពេញទស្សនកិច្ចក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

នេះ​គឺជាដំណើរទស្សនកិច្ចក្នុងប្រទេសអាល្លឺម៉ង់ជាលើកដំបូងរបស់លោក ហ្សេលេនស្គី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយលោក ក៏បានបំពេញទស្សនកិច្ចក្នុងប្រទេសអ៉ីតាលីផងដែរកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន គឺជាពេលសម្រាប់ពួកយើងកំណត់ទីបញ្ចប់នៃ សង្រ្គាមនៅក្នុងឆ្នាំនេះ។ យើងអាចធ្វើ​ឱ្យពួកឈ្លានពានបរាជ័យជាអចិន្ត្រៃយ៍ក្នុងឆ្នាំនេះ»

គួរបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលនេះជាកញ្ចប់ជំនួយធំបំផុត របស់ទីក្រុងបែរឡាំង ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ហ្សេលេនស្គី ក៏បានជួបជាមួយប្រធានាធិបតីបារាំង លោក ម៉ាក្រុង ផងដែរ ក្នុងទីក្រុងប៉ារីស ហើយលោក ម៉ាក្រុង បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមសម្រាប់ទីក្រុងកៀវ ដែលកំពុងត្រៀមលក្ខណៈបើកប្រតិបត្តិការវាយបក ប្រឆាំងរុស្ស៉ី៕