(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា ក្រុមយន្ដហោះចម្បាំងអាមេរិកបានហោះស្ទាក់ចាប់យន្ដហោះចម្បាំងរុស្ស៉ី ៦គ្រឿង ដែលធ្វើប្រតិបត្តិការក្នុងដែនអាកាសអន្តរជាតិស្ថិតនៅក្បែររដ្ឋអាឡាស្កា (Alaska)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការការពារដែនអកាសតំបន់អាមេរិកខាងជើង ហៅកាត់ថា NORAD បានបញ្ជាក់ទៀតថាយន្ដហោះចម្បាំងរុស្ស៉ី ក្នុងនោះរួមមានយន្ដហោះទម្លាក់គ្រាប់បែក TU-95 យន្ដហោះចាក់សាំង IL-78 និងយន្ដហោះចម្បាំង SU-35។ NORAD បានចាត់ទុកថាការហោះស្ទាក់ចាប់របស់ យន្ដហោះចម្បាំងអាមេរិក គឺជាទម្លាប់ធម្មតា និងដែលបានកើតឡើង៦ ទៅ ៧ដង ក្នុងមួយឆ្នាំ នៅក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសនៃ រដ្ឋអាឡាស្កា។

គួរបញ្ជាក់ថា​ បើតាម NORAD យន្ដហោះចម្បាំងអាមេរិកដែលចូលរួមក្នុងប្រតិបត្តិការស្ទាក់ចាប់យន្ដហោះចម្បាំងរុស្ស៉ី ក្នុងនោះរួមមាន F-16, F-22, KC-135 និងយន្ដហោះ E-3៕