(បាងកក)៖ គណបក្សប្រឆាំងធំៗនៅក្នុងប្រទេសថៃ បានទទួលជ័យជម្នះយ៉ាងងាយស្រួលលើគណបក្សរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅក្នុង ការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៧ភាគរយ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានទទួលអាសនៈច្រើនជាងគេ ដោយនាំមុខគណបក្សភឿថៃ ដែល ឈរនៅលំដាប់លេខ២ រីឯគណបក្សគំាទ្រដោយយោធា គឺគណបក្ស Palang Pracharath របស់លោក ប្រាវីត ឈរនៅលំដាប់ទី៤ និងគណបក្សថៃរួបរួមជាតិ របស់លោក ប្រាយុទ្ធ នៅលេខរៀងទី៥ឯណោះ។ លទ្ធផលបោះឆ្នោតនេះ បានបង្ហាញដែរថាគណបក្សចលឆ្ពោះទៅមុខទទួលបានអាសនៈនៅឯរដ្ឋសភា ឬសភាជាន់ទាបចំនួន ១៥១អាសនៈ ភឿថៃបាន ១៤១អាសនៈ ហើយគណបក្ស Palang Pracharath បានត្រឹមតែ៤១អាសនៈ និងគណបក្សថៃរួបរួមជាតិ បាន ៣៦អាសនៈតែប៉ុណ្ណោះ។ ចំណែកឯគណបក្សភូមិចៃថៃ (Bhumjaithai Party) ទទួលបាន៧០អាសនៈដោយឈរនៅលំដាប់ទី៣។

តែទោះជាបែបនេះក្ដី លទ្ធផលបោះឆ្នោតនេះមិនទាន់អាចសម្រេចបានថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី ឬក៏នរណាអាចនឹងបង្កើតរដ្ឋាភិបាល បាននៅឡើយទេ។ ពីព្រោះការតែងតាំងនាយករដ្ឋមន្ត្រី ឬក៏ការបង្កើតរដ្ឋាភិបាលត្រូវធ្វើឡើងតាមរយៈរដ្ឋសភា និងព្រឹទ្ធសភា ដែលអាចនឹងប្រព្រឹត្តទៅនៅ ខែកក្កដាខាងមុខ។ ដូច្នេះ គណបក្សប្រឆាំងត្រូវរកដៃគូក្រុមចម្រុះ រីឯគណបក្សគាំទ្រដោយយោធាក៏ត្រូវរកដៃគូបង្កើតក្រុមចម្រុះដូចគ្នាដែរ។ បញ្ហាស្មុគស្មាញ គឺនៅត្រង់ថា សមាជិកព្រឹទ្ធសភាទាំង២៥០នាក់ សុទ្ធតែត្រូវបានតែងតាំងដោយយោធា ម្លោះហើយពួកគេមុខជាមានទំនោរបោះឆ្នោតគាំទ្រដល់គណបក្ស ឬបេក្ខជននាយករដ្ឋមន្ត្រីគាំទ្រដោយយោធា៕