(បាងកក)៖ ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសថៃ បានបិទទ្វារហើយ រីឯការរាប់សន្លឹកឆ្នោតបានចាប់ផ្ដើមជាបណ្ដើរៗ ខណៈគណបក្សប្រឆាំង រំពឹងថា អាចនឹងទទួលបានជ័យជម្នះលើគណបក្សរបស់លោកនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។

ការរិយាល័យបោះឆ្នោតជាង ៩៥,០០០កន្លែង នៅទូទាំងប្រទេសបានបិទទ្វារ នៅម៉ោង ៥ល្ងាច ថ្ងៃអាទិត្យនេះ។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោត ប្រជាជនថៃដែលមានសិទ្ធិបោះឆ្នោតមានអាយុ១៨ឆ្នាំឡើងទៅ មានចំនួន ៥២លាននាក់ ហើយអត្រាអ្នកចូលរួមបោះឆ្នោតមានខ្ពស់ជាង ៨៥ភាគរយ ខណៈអត្រាអ្នកបោះឆ្នោតកាលពីឆ្នាំ២០១៩ មាន៨៣.៣៣ភាគរយ។ លទ្ធផលបណ្ដោះអាសន្នអាចនឹងត្រូវបានប្រកាសនៅម៉ោង ១០យប់ ថ្ងៃដដែល បើទោះជាលទ្ធផលផ្លូវការនៃការបែងចែកអាសនៈឈ្នះដោយគណបក្សនីមួយៗ នឹងត្រូវចំណាយពេលរាប់សប្ដាហ៍ក៏ដោយ។

គួរបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ជាការប្រកួតប្រជែងមួយដែលគេគ្រប់គ្នា ផ្ដោតទៅលើបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សប្រឆាំងភឿថៃ អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងជាក្មួយបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យ៉ីងឡាក់ ជាមួយនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា។

នៅក្នុងការបោះឆ្នោតសកល ប្រជាជនថៃ ត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាសរុប ៥០០នាក់ សម្រាប់អាណត្តិថ្មីដែលមាន រយៈពេល ៤ឆ្នាំ។ ការស្ទង់មតិជាច្រើននាពេលកន្លងមក​បានបង្ហាញថា គណបក្សប្រឆាំងភឿនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ។ ប៉ុន្តែ បើតាមរដ្ឋធម្មនុញ្ញថៃ ដែល ត្រូវបានកែប្រែដោយរបបសឹក ការជ្រើសរើសនាយករដ្ឋមន្ត្រី ធ្វើឡើងដោយរដ្ឋសភា និងព្រឹទ្ធសភាថៃ។ បញ្ហាគឺស្ថិតនៅត្រង់ព្រឹទ្ធសភាតែម្ដង ដោយ សមាជិកព្រឹទ្ធសភាទាំង ២៥០នាក់ សុទ្ធតែជាមនុស្សត្រូវបានតែងតាំងដោយយោធា។ កាលពីឆ្នាំ២០១៩ គណបក្សភឿថៃ​ទទួលបានអាសនៈច្រើនជាងគេ នៅឯសភាជាន់ទាប ប៉ុន្តែដោយទទួលបាន ការគាំទ្រពីព្រឹទ្ធសភា លោក ប្រាយុទ្ធបានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលចម្រុះ។ ដូច្នេះគេត្រូវរង់ចាំអ៊ុត មើលលទ្ធផលបោះឆ្នោតផ្លូវការជាមុនសិន៕