(បែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងបែរឡាំងហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីបើក កិច្ចពិភាក្សាជាមួយសមភាគីអាល្លឺម៉ង់ នាឱកាសបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោកក្នុងប្រទេសអាល្លឺម៉ង់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពី ខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើ​ Twitter លោក ហ្សេលេនស្គី បានលើកឡើងថា «ខ្ញុំបានមកដល់ទីក្រុងបែរឡាំងហើយ។ អាវុធ និងកញ្ចប់ជំនួយដ៏សម្បើម ប្រព័ន្ធការពារដែនអាកាស ការកសាងប្រទេសឡើងវិញ សហភាពអឺរ៉ុប ​NATO និងសន្តិសុខ»។ ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី នៅទីក្រុង បែរឡាំង ធ្វើឡើងចំពេលទីក្រុងកៀវ កំពុងត្រៀមលក្ខណៈបើកប្រតិបត្តិការវាយបក និងមួយថ្ងៃក្រោយរូបលោកបញ្ចប់ទស្សនកិច្ចក្នុងប្រទេសអ៉ីតាលី។

កងកម្លាំងអ៊ុយក្រែន ទទួលបានការបណ្ដុះបណ្ដាលសម្រាប់ទាហានរបស់ខ្លួន និងអាវុធទំនើបៗយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់សម្ព័ន្ធមិត្ត លោកខាងលិច ដែលត្រូវបានក្រុមអ្នកវិភាគលោកខាងលិចជឿថាជាគន្លឹះមួយនឹងជួយឱ្យអ៊ុយក្រែន ដណ្ដើមយកទឹកដីរបស់ខ្លួនពីរុស្ស៉ីមកវិញ។

គួរបញ្ជាក់ថា មួយថ្ងៃមុនលោក ហ្សេលេនស្គី ទៅដល់ទីក្រុងបែរឡាំង ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ ទី១៣ ខែឧសភាថា អាល្លឺម៉ង់កំពុងតែរៀបចំកញ្ចប់ជំនួយជាសព្វាវុធថ្មីមួយ សម្រាប់អ៊ុយក្រែន ដែលមានទំហំ២.៧ពាន់លានអឺរ៉ូ ឬស្មើនឹងជិត៣ពាន់លានដុល្លារអាមេរិក។

កញ្ចប់ជំនួយសព្វាវុធខាងលើ​ នឹងរួមមានដូចជា រថក្រោះ Leopard 1 បន្ថែម៣០គ្រឿង, រថពាសដែក Marder ២០គ្រឿង, ប្រព័ន្ធការពារអាកាស Iris-T ៤គ្រឿង, ដ្រូនឈ្លបការណ៍២០០គ្រឿង ព្រមទាំងបរិក្ខារយោធាផ្សេងៗទៀត ហើយនិងគ្រាប់រំសេវក្នុងបរិមាណយ៉ាងច្រើន។ បើយោងតាម​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាល្លឺម៉ង់ ទំហំនៃកញ្ចប់ជំនួយសព្វាវុធនេះ គឺធំបំផុតសម្រាប់ទីក្រុងបែរឡាំង គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែនបានផ្ទុះ​ឡើង កាលពីខែកុម្ភៈ ឆ្នាំមុន។

កាលពីឆ្នាំ២០២២ អាល្លឺម៉ង់បានផ្តល់ការគាំទ្រផ្នែកយោធា មានតម្លៃជាទឹកប្រាក់សរុបស្មើនឹង២ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន៕