(អង់ការ៉ា)៖ ការបោះឆ្នោតប្រធានាធិបតី និងសភានៃប្រទេសតួកគី បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែឧសភានេះ (ម៉ោងក្នុងតំបន់) ដោយប្រជាជនតួកគី ច្រើនជាង ៦៤លាននាក់មានសិទ្ធិបោះឆ្នោត។ ប្រធានាធិបតីសព្វថ្ងៃ លោក តាយយ៉ីប អឺដូហ្កាន់ មកពីគណបក្សកាន់អំណាច AK កំពុងប្រឈមមុខនឹងការធ្វើតេស្ដដ៏ធំមួយក្នុងរយៈពេល ជាង ២០ឆ្នាំមកនេះ នៃការកាន់អំណាចរបស់លោក ដោយត្រូវប្រឈមមុខនឹងគូប្រជែងដ៏មានសក្ដានុពលមកពីគណបក្សប្រឆាំង គឺលោក ខេម៉ាល់ ខីលីគដារ៉ូគ្លូ (Kemal Kilicdaroglu)មកពីគណបក្ស Republican People’s Party (CHP)។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ គួរដឹងពីប្រព័ន្ធបោះឆ្នោតនៅតួកគី៖

១. តើប្រព័ន្ធបោះឆ្នោតតួកគី មានទម្រង់ដូចម្ដេច?

ការបោះឆ្នោតសកល នៅក្នុងប្រទេសតួកគី គឺការបោះឆ្នោតប្រធានាធិបតី និងសភា ត្រូវធ្វើឡើងក្នុងពេលដំណាលគ្នា និងជារៀងរាល់ ៥ឆ្នាំម្ដង។ ការបោះឆ្នោតក្នុង ឆ្នាំ២០២៣ ដំបូងឡើយគ្រោងនឹងធ្វើឡើងនៅទី១៨ ខែមិថុនា តែក្រោយមកត្រូវបានលើកមកថ្ងៃទី១៤ ខែឧសភាវិញ។

* តួកគីបានផ្លាស់ប្ដូរពីការបោះឆ្នោតសភា ទៅជាប្រព័ន្ធបោះឆ្នោតប្រធានាធិបតី ក្នុងខែកក្កដា ឆ្នាំ២០១៨ មួយខែបន្ទាប់ពីលោក អឺដូហ្កាន់ ទទួលបានជ័យជម្នះក្នុង ការបោះឆ្នោតប្រធានាធិបតី។

* អំណាចប្រធានាធិបតីត្រូវបានពង្រីកវិសាលភាព នៅបន្ទាប់ពីការបោះឆ្នោតប្រជាមតិឆ្នាំ២០១៧ ដែលបានអនុម័តលើការផ្ដល់សិទ្ធិអំណាចប្រតិបត្តិដល់ប្រធានាធិបតី។

* តំណែងនាយករដ្ឋមន្ត្រី ត្រូវបានរំលាយចោល ហើយប្រធានាធិបតីក៏ក្លាយជាប្រមុខរដ្ឋផងដែរ។

* នៅក្រោមប្រព័ន្ធបោះឆ្នោតថ្មី ប្រជាជនតួកគីបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់។

២. តើនរណាខ្លះអាចឈរឈ្មោះជាប្រធានាធិបតីតួកគី?

* បេក្ខជនដែលមានបំណងឈរឈ្មោះជាប្រធានាធិបតីតួកគី ត្រូវតែជាពលរដ្ឋតួកគី មានអាយុយ៉ាងតិច ៤០ឆ្នាំឡើង និងមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រឡើងទៅ។

* បេក្ខជនត្រូវបានតែងតាំងដោយគណបក្សនីមួយៗ ដែលទទួលបានយ៉ាងហោចសំឡេងឆ្នោត ៥ភាគរយ នៅក្នុងការបោះឆ្នោតមុនៗ ឬមានអាសនៈចំនួន២០ នៅក្នុង សភា។

* បេក្ខជនប្រធានាធិបតី ក៏អាចប្រើវិធីផ្សេងទៀតដើម្បីឈរឈ្មោះផងដែរ នោះគឺប្រមូលឱ្យបានហត្ថលេខា ១០០,០០០នាក់ពីប្រជាជនតួកគី។

៣. តើបេក្ខជនប្រធានាធិបតី ត្រូវធ្វើដូចម្ដេចដើម្បីទទួលបានជ័យជម្នះ?

* បេក្ខជនប្រធានាធិបតីម្នាក់ ត្រូវតែប្រមូលឱ្យបាននូវសំឡេងគាំទ្រលើស ៥០ភាគរយ នៅក្នុងការបោះឆ្នោតជុំទី១ ដើម្បីទទួលបានជ័យជម្នះទាំងស្រុង។ តែប្រសិនបើ គ្មាន បេក្ខជនណាម្នាក់ទទួលបានសំឡេងគំាទ្រលើស ៥០ភាគរយទេ នោះបេក្ខជនទទួលបានសន្លឹកឆ្នោតច្រើនជាងគេទាំង២រូប នឹងត្រូវឈានចូលការប្រកួតប្រជែងក្នុងជុំទី២ ដែលអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា។

៤. ចុះការបោះឆ្នោតសភាតួកគីវិញ ដំណើរការដូចម្ដេច?

* នៅក្នុងសភាជាតិតួកគី មានអាសនៈចំនួន ៦០០អាសនៈ ហើយការបោះឆ្នោតត្រូវធ្វើឡើងតាមប្រព័ន្ធសមាមាត្របែបតំណាង។ ដូច្នេះ ប្រជាជនតួកគីបោះឆ្នោតជ្រើសរើស គណបក្សដែលបានចុះក្នុងបញ្ជីបោះឆ្នោត ជាជាងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដោយផ្ទាល់ ហើយចំនួនសំឡេងឆ្នោតវិញ គឺអាស្រ័យលើសន្លឹកឆ្នោតដែលប្រជាជន បោះឆ្នោតឱ្យគណបក្ស។

* តំណាងរាស្ត្រតួកគី ៦០០រូប តំណាងឱ្យមណ្ឌលបោះឆ្នោតចំនួន ៨៧ នៅក្នុងខេត្តចំនួន៨១ ហើយមណ្ឌលបោះឆ្នោតនីមួយៗផ្ដល់អាសនៈសមាមាត្រទៅតាមចំនួន ប្រជាជន។

* ដើម្បមានអាសនៈក្នុងសភា គណបក្សមួយចាំបាច់ត្រូវតែមានសំឡេងគាំទ្រ ៧ភាគរយនៃសន្លឹកឆ្នោតសរុប ឬក៏អាចចូលជាមួយគណបក្សផ្សេងបង្កើតជាសម្ព័ន្ធភាព។

* បេក្ខជនតំណាងរាស្ត្រ ត្រូវមានអាយុ ១៨ឆ្នាំឡើង ហើយដើម្បីអាចទទួលបានសំឡេងភាគច្រើនក្នុងសភា គណបក្សមួយ ឬគណបក្សជាដៃគូក្រុមចម្រុះ ត្រូវមានសំឡេង ឬអាសនៈ ៣០១៕