(អ៉ីស្ដង់ប៊ូល)៖ ការបោះឆ្នោតប្រធានាធិបតី និងសភា នៅក្នុងប្រទេសតួកគី បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃអាទិត្យនេះ ដែលជាការបោះឆ្នោតមួយនឹងកំណត់ពី ជោគវាសនានៃអំណាចរបស់លោកប្រធានាធិបតី តាយយ៉ីប អឺដូហ្កាន់ ដែលបានដឹកនាំប្រទេសក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសតួកគី បានបើកទ្វារនៅម៉ោង ៨ព្រឹក ហើយនឹងត្រូវបិទ នៅម៉ោង៥ល្ងាចថ្ងៃដដែល (ម៉ោងក្នុងតំបន់)។ ចំណែកឯ បណ្ដា សារព័ត៌មានទាំងអស់ត្រូវបានហាមឃាត់ក្នុងការចេញផ្សាយលទ្ធផលបោះឆ្នោតក្រៅផ្លូវការ រហូតទាល់តែការហាមប្រាមនេះបិទបញ្ចប់នៅម៉ោង ៩យប់ ថ្ងៃអាទិត្យ ដូច្នេះគេត្រូវរង់ចាំរហូតដល់មានការប្រកាសលទ្ធផលជាផ្លូវការ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយការបោះឆ្នោតសភាតួកគី មានគូប្រជែង២ ដែលគេកំពុងផ្ដោតនោះគឺ លោកប្រធានាធិបតីបច្ចុប្បន្ន តាយយ៉ីប អឺដូហ្កាន់ និងបេក្ខជនមកពីគណបក្សប្រឆាំង លោក ខេម៉ាល់ ខីលីគដារ៉ូគ្លូ (Kemal Kilicdaroglu)៕