(វ៉ាទីកង់ ស៊ីធី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានស្នើសុំទៅកាន់សម្ដេចកាតូលិក ប៉ាប ហ្រ្វង់ ស៊ីស (Pope Francis) ឱ្យគាំទ្រដល់ផែនការសន្តិភាពរបស់អ៊ុយក្រែន និងជួយដល់ការធ្វើមាតុភូមិនិវត្តកុមារអ៊ុយក្រែនដែលត្រូវបានពង្រត់ទៅកាន់រុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។

កាលពីថ្ងៃសៅរ៍ នៅមុនជំនួបជាមួយសម្ដេចប៉ាប លោក ហ្សេលេនស្គី ក៏បានជួបពិភាក្សាការងារផងដែរជាមួយនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ដែល បានសន្យាផ្ដល់ការគាំទ្រពេញទំហឹង និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ក៏ដូចជាសមាជិកភាពរបស់អ៊ុយក្រែនក្នុងសហភាពអឺរ៉ុប។ ដោយឡែក ក្នុងជំនួបរយៈពេល ៤០នាទី លោក ហ្សេលេនស្គី និងសម្ដេចប៉ាប បានជជែកពីកាយវិការមនុស្សធម៌ ហើយបើតាមប្រភពពីបុរីវ៉ាទីកង់ សម្ដេចប៉ាបបានបង្ហាញឆន្ទៈជួយដល់ការធ្វើមាតុភូមិនិវត្ត កុមារអ៊ុយក្រែន។

គួរបញ្ជាក់ថា ទីក្រុងកៀវ បានវាយតម្លៃថាកុមារអ៊ុយក្រែនជិត ១៩,៥០០នាក់ ត្រូវបានចាប់ពង្រត់ទៅកាន់ប្រទេសរុស្ស៉ី ឬទៅកាន់តំបន់គ្រីមៀ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕