(មូស្គូ)៖ កាសែតរុស្ស៉ី កុមមឺសាន់ (Kommersant) បានរាយការណ៍ថាយន្ដហោះចម្បាំង២គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿងរបស់រុស្ស៉ី ត្រូវបានបាញ់ទម្លាក់នៅក្បែរតំបន់ ព្រំដែនអ៊ុយក្រែន ស្ថិតនៅក្នុងតំបន់ព្រីយ៉ាន់ស្កិ៍ (Bryansk) របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងព័ត៌មានបង្ហោះកាលពីថ្ងៃសៅរ៍ ទី១៣ ខែឧសភា លើគេហទំព័របស់ខ្លួន កាសែត Kommersant បានឱ្យដឹងទៀតថា យន្ដហោះចម្បាំងរុស្ស៉ី Su-34 និង Su-35 ព្រមទាំងឧទ្ធម្ភាគចក្រ Mi-8 ២គ្រឿង ដែលបានចូលរួមនៅក្នុងប្រតិបត្តិការយោធាវាយឆ្មក់រួមគ្នា ត្រូវបានបាញ់ទម្លាក់សឹងតែក្នុងពេលដំណាលគ្នា នៅឯតំបន់ Bryansk ស្ថិតនៅក្បែរតំបន់ព្រំដែនភាគឦសានអ៊ុយក្រែន។ បើតាមកាសែតនេះដដែល យន្ដហោះចម្បាំងទាំង ២គ្រឿង ត្រូវបានបញ្ជូនឱ្យចូលរួមក្នុងប្រតិបត្តិការវាយប្រហារដោយ មីស៊ីល លើគោលដៅក្នុងតំបន់ Chernihiv របស់អ៊ុយក្រែន រីឯឧទ្ធម្ភាគចក្រទាំង២គ្រឿង ធ្វើជាកងជំនួយ ពោលគឺត្រៀមដឹកពីឡុតត្រឡប់មកវិញ ប្រសិនបើ យន្ដហោះចម្បាំងរបស់ពួកគេត្រូវបានបាញ់ទម្លាក់។

គួរបញ្ជាក់ថា កាសែតរុស្ស៉ី Kommersant មិនបានផ្ដល់ភស្តុតាងណាមួយដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួនឡើយ ខណៈខាងក្រសួងការពារជាតិរុស្ស៉ី និងអ៊ុយក្រែន ក៏មិនទាន់បានបញ្ចេញប្រតិកម្មឆ្លើយតប អ្វីនោះដែរ៕