(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បាននិយាយថាយន្ដហោះចម្បាំងអ៊ុយក្រែន បានបើកការវាយប្រហារលើរោងចក្រឧស្សាហកម្មពីរកន្លែង នៅក្នុងទីក្រុងមួយគ្រប់គ្រងដោយរុស្ស៉ី នៅឯតំបន់​លូហាន (Luhansk) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ ផ្គត់ផ្គង់ ដោយចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។

ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេបំផុតដែលបានផ្ដល់មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន ដែលអនុញ្ញាតដល់ ការវាយប្រហារលើកងទ័ពរុស្ស៉ី និងការផ្គត់ផ្គង់ នៅខាងក្រោយសមរភូមិ ខណៈទីក្រុងកៀវកំពុងត្រៀមបើកប្រតិបត្តិការវាយបក។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានឱ្យដឹងថាមីស៊ីលគ្រូស Storm Shadow នឹងត្រូវបានប្រើប្រាស់តែនៅក្នុងទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ដោយទីក្រុងឡុងដ៍ ទទួលបានការធានាពីទីក្រុងកៀវថា ពួកគេនឹងមិនប្រើប្រាស់មីស៊ីលនេះវាយប្រហារចូលក្នុងទឹកដី ឬតំបន់ព្រំដែនរុស្ស៉ីដែលទទួលស្គាល់ដោយអន្តរជាតិនោះទេ។

បើតាមខាងក្រសួងការពារជាតិរុស្ស៉ី មីស៊ីលបានវាយប្រហារលើរោងចក្រផលិតសារធាតុប៉ូលីមែរ (polymer) និងរោងចក្រផលិតសាច់ ក្នុងតំបន់លូហាន កាលពីថ្ងៃសុក្រ កន្លងទៅ។ ក្រសួងបានគូសបញ្ជាក់ដូច្នេះថា «មីស៊ីលគ្រូស Storm Shadow ផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសដល់អ៊ុយក្រែន ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារតាមផ្លូវ អាកាស ផ្ទុយពីសេចក្ដីថ្លែងការណ៍របស់ទីក្រុងឡុងដ៍ដែលអះអាងថាអាវុធទាំងនេះនឹងមិនត្រូវបានប្រើប្រឆាំងនឹងគោលដៅស៊ីវិលឡើយ»

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី យន្ដហោះចម្បាំងអ៊ុយក្រែនចំនួនពីរគ្រឿង គឺ Su-24 និង MiG-29 ដែលបានដឹកនាំការវាយប្រហារដោយមីស៊ីលខាងលើ ត្រូវបានបាញ់ទម្លាក់ តែខាងអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយអ្វីទេ៕