(បាងកក)៖ ការបោះឆ្នោតសកលបានចាប់ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងប្រទេសថៃ​ ជាទីដែលសមាជិកសភា នៃសភាតំណាងរាស្ត្រ ឬសភាជាន់ទាប ត្រូវបានបោះឆ្នោតជ្រើសរើសដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។

ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨ព្រឹក ហើយប្រជាជនថៃប្រហែល ៥២លាននាក់ដែលមានសិទ្ធិបោះឆ្នោតត្រូវបានគេរំពឹងថានឹងទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងហិបឆ្នោត មុននឹងការិយាល័យបោះឆ្នោតនឹងត្រូវបិទទ្វារនៅម៉ោង ៥ល្ងាច។ ប្រជាជនថៃជាង ២លាននាក់ បានបោះឆ្នោតរួចហើយសម្រាប់ការបោះឆ្នោតដែលរៀបចំ ឡើងមុនកាលកំណត់កាលពីថ្ងៃទី៧ ខែឧសភា។ ដោយឡែក នៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ប្រជាជនថៃនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភា សរុប ៥០០នាក់ សម្រាប់អាណត្តិថ្មីដែលមានរយៈពេល ៤ឆ្នាំ។ ចំណែកឯ លទ្ធផលបោះឆ្នោតក្រៅផ្លូវការអាចនឹងត្រូវបានប្រកាសនៅយប់ថ្ងៃដដែល។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិភាគច្រើននាពេលកន្លងមក គណបក្សប្រឆាំងភឿថៃ ត្រូវបានគេរំពឹងថាអាចនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកល។ ប៉ុន្តែ រដ្ឋធម្មនុញ្ញថៃដែលត្រូវបានកែប្រែដោយរបបសឹក បានចែងថានាយករដ្ឋមន្ត្រីនឹងត្រូវបានជ្រើសរើសដោយសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ហើយដែលនៅព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាទាំង ២៥០នាក់ សុទ្ធតែជាមនុស្សត្រូវបានតែងតាំងដោយយោធា។ ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ជាការប្រកួតប្រជែងមួយដែលគេគ្រប់គ្នាផ្ដោតទៅលើ បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សប្រឆាំងភឿថៃ អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងជាក្មួយបង្កើតរបស់អតីត នាយករដ្ឋមន្ត្រី លោកស្រី យ៉ីងឡាក់ ជាមួយនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា៕