(កៀវ)៖ នៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនរ៉េនម៉េថល (Rheinmetall) របស់អាល្លម៉ង់បានប្រកាសពីការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនយូក្រូបូរ៉ុនប្រូម (Ukroboronprom) ដែលគ្រប់គ្រងដោយរដ្ឋអ៊ុយក្រែនដើម្បីផលិត និងជួសជុលរថក្រោះនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣។

ការបិទបញ្ចប់ព្រមព្រៀងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ គ្រោងធ្វើឡើងនៅចុងខែមិថុនា ខណៈប្រតិបត្តិការនឹងចាប់ផ្តើមពីពាក់កណ្តាលខែកក្កដា។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានឲ្យដឹងថា ប្រតិបត្តិការនឹងចាប់ផ្តើមពីការថែទាំ និងជួសជុលយានយន្តដែលបានផ្ទេរទៅអ៊ុយក្រែនដោយអាល្លឺម៉ង់ជាមុន ប៉ុន្តែក្រោយមកនឹងស្វែងរកការផលិតរួមគ្នាដែលនាំទៅដល់ការអភិវឌ្ឍនៃប្រព័ន្ធយោធា ដែលអាចធ្វើការនាំចេញពីអ៊ុយក្រែនបាន។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rheinmetall លោក អាមីន ផេបភឺជឺ (Armin Papperger) បានបង្ហាញផែនការសម្រាប់ការបណ្តាក់ទុននេះកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា Rheinmetall នឹងកាន់កាប់ភាគហ៊ុន ៥១ភាគរយ និងផ្តល់ការគ្រប់គ្រង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Rheinmetall បានជំរុញការកើនឡើងនៃការចំណាយលើវិស័យការពារជាតិរបស់អាល្លឺម៉ង់ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដោយអាល្លឺម៉ង់ក៏បានផ្គត់ផ្គង់ជំនួយ និងអាវុធដល់ទីក្រុងកៀវ ផងដែរ។ Rheinmetall ផលិតគ្រាប់រំសេវ និងឧបករណ៍យោធាផ្សេងទៀត ក៏ដូចជារថក្រោះ Leopard ជាដើម៕