(បែរឡាំង)៖ ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសនៅថ្ងៃសៅរ៍នេះថា អាល្លឺម៉ង់កំពុងតែរៀបចំកញ្ចប់ជំនួយជាសព្វាវុធថ្មីមួយ សម្រាប់អ៊ុយក្រែន ដែលមានទំហំ២.៧ពាន់លានអឺរ៉ូ ឬស្មើនឹងជិត៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរីអ៊ូស (Boris Pistorius) បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា សង្ឃឹមចង់ឱ្យសង្រ្គាមដ៏អាក្រក់នេះរបស់រុស្ស៉ីប្រឆាំងនឹងប្រជាជនអ៊ុយក្រែន បញ្ចប់ទៅយ៉ាងឆាប់រហ័ស ប៉ុន្តែសំណាងអាក្រក់ ស្រមោលនៃទីបញ្ចប់ នៅមិនទាន់អាចត្រូវមើលឃើញនៅឡើយទេ។ ដូច្នេះហើយទើបអាល្លឺម៉ង់ នឹងផ្គត់ផ្គង់ជំនួយបន្ថែមទៀតតាមដែលខ្លួនអាចធ្វើបាន និងដរាបណាវា​នៅតែជារឿងចាំបាច់»

កញ្ចប់ជំនួយសព្វាវុធខាងលើ​ នឹងរួមមានដូចជា រថក្រោះ Leopard 1 បន្ថែម៣០គ្រឿង, រថពាសដែក Marder ២០គ្រឿង, ប្រព័ន្ធការពារអាកាស Iris-T ៤គ្រឿង, ដ្រូនឈ្លបការណ៍២០០គ្រឿង ព្រមទាំងបរិក្ខារយោធាផ្សេងៗទៀត ហើយនិងគ្រាប់រំសេវក្នុងបរិមាណយ៉ាងច្រើន។ បើយោងតាម​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាល្លឺម៉ង់ ទំហំនៃកញ្ចប់ជំនួយសព្វាវុធនេះ គឺធំបំផុតសម្រាប់ទីក្រុងបែរឡាំង គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែនបានផ្ទុះ​ឡើង កាលពីខែកុម្ភៈ ឆ្នាំមុន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ អាល្លឺម៉ង់បានផ្តល់ការគាំទ្រផ្នែកយោធា មានតម្លៃជាទឹកប្រាក់សរុបស្មើនឹង២ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន៕