(តែលអាវីវ)៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៃតំបន់ហ្កាហ្សា (Gaza) បានបន្តការបាញ់ផ្លោងគ្រាប់រ៉ុក្កែតរបស់ខ្លួនទៅលើអ៉ីស្រាអែល នាថ្ងៃសៅរ៍នេះ បន្ទាប់ពីយន្តហោះចម្បាំងអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅនៅតំបន់ហ្កាហ្សា កាលពីវេលាយប់រំលងអធ្រាត្រ ខណៈការប្រយុទ្ធគ្នារវាងភាគីទាំងពីរ បានឈានដល់ថ្ងៃទី៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែលបានប្រាប់ថា ខ្លួនបានវាយប្រហារចំលើទីបញ្ជាការ និងប្រព័ន្ធបាញ់រ៉ុក្កែតរបស់ក្រុមសកម្មប្រយុទ្ធជីហាត PIJ កំលុងប្រតិបត្តិការ​មុនព្រឹកព្រលឹមរបស់ខ្លួន។ ម៉ោងក្រោយមក ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សា ក៏បានបាញ់គ្រាប់រ៉ុក្កែតឆ្លើយតបមកវិញ ដោយបង្កឱ្យស៉ីរ៉ែន​ត្រូវបានបន្លឺឡើងនៅខាងអ៉ីស្រាអែល ហើយបង្ខំឱ្យប្រជាជនអ៉ីស្រាអែល ដែលរស់នៅតាមសហគមន៍ក្បែរព្រំប្រទល់ នាំគ្នារត់ទៅរកកន្លែងសុវត្ថិភាព។ យ៉ាងណាមិញ ពុំមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួសឡើយ។

មេបញ្ជាការជាន់ខ្ពស់៦នាក់ហើយ នៃក្រុមសកម្មប្រយុទ្ធ PIJ ត្រូវបានសម្លាប់ គិតចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះ នៅពេលកងកម្លាំងអ៉ីស្រាអែល បានចាប់ផ្តើមបើកយុទ្ធនាការយោធា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ ដោយអះអាងថា ក្រុម PIJ បានរៀបផែនការដើម្បីវាយប្រហារលើអ៉ីស្រាអែល។ PIJ គឺជាក្រុមសកម្មប្រយុទ្ធធំជាងគេនៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាស់ ដែលជាអ្នកគ្រប់គ្រងអំណាចនៅទីនោះ។ គិត​តាំងពីថ្ងៃអង្គារមក ក្រុម PIJ បានបាញ់រ៉ុក្កែតសរុបប្រហែល ១,០០០គ្រាប់ លើអ៉ីស្រាអែល។

គួរបញ្ជាក់ថា អេហ្ស៉ីបបានព្យាយាមដើម្បីសម្រុះសម្រួលឱ្យមានបទឈប់បាញ់គ្នា សម្រាប់វាយប្រហារដាក់គ្នាទៅវិញទៅមកថ្មីនេះ ដែលបានសម្លាប់​ជនជាតិប៉ាឡេស្ទីនយ៉ាងហោច៣៣នាក់ និងជនជាតិអ៉ីស្រាអែលម្នាក់។ អំពើហិង្សាខាងលើ កំពុងអូសបន្លាយបន្ថែមទៀត​ នូវការផ្ទុះភាពតានតឹង​ឡើងវិញជាងមួយឆ្នាំមកនេះ រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន ដែលបានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនសរុបជាង ១៤០នាក់ ព្រមទាំងជនជាតិអ៉ីស្រាអែលនិងជនបរទេសយ៉ាងហោច១៩នាក់ បើរាប់ពីខែមករា ឆ្នាំនេះ៕