(គ្រីមៀ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា ពីឡុតរុស្ស៉ី២នាក់បានបាត់បង់ជីវិត កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅពេលឧទ្ធម្ភាគចក្រយោធាធុន Mi-28 មួយគ្រឿង បានធ្លាក់នៅតំបន់ឧបទ្វីបគ្រីមៀ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣។

ឧទ្ធម្ភាគចក្រខាងលើ បានធ្លាក់កាលពីរសៀលថ្ងៃសុក្រ កំលុងការហោះហើរហ្វឹកហ្វឺនមួយ ហើយវាពុំមានបំពាក់អាវុធជាប់ជាមួយទេ។ យោងតាម​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី ក្រសួងការពារជាតិរុស្ស៉ីបានសន្និដ្ឋានជាបឋមថា ឧទ្ធម្ភាគចក្រយោធានោះ ទំនងជាបានធ្លាក់ដោយសារតែ​​បញ្ហាខូចគ្រឿងបរិក្ខារណាមួយ។ ទោះជាបែបនេះក្តី ការស៉ើបអង្កេតកំពុងត្រូវបានធ្វើឡើង ដើម្បីកំណត់ឱ្យប្រាកដពីមូលហេតុនៃការធ្លាក់ ដែលបាន​កើតឡើងនៅតំបន់ ហ្សានកូយ (Dzhankoi) ភាគខាងជើងគ្រីមៀ។

គួរបញ្ជាក់ថា រុស្ស៉ីបានកាត់យកតំបន់ឧបទ្វីបគ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ បច្ចុប្បន្នឧបទ្វីបនេះ នៅតែត្រូវបានអន្តរជាតិទទួលស្គាល់ជា​ផ្នែកនៃទឹកដីរបស់អ៊ុយក្រែន ហើយទីក្រុងកៀវបានប្តេជ្ញាដណ្តើមយកវាមកវិញឱ្យបាន។ ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានទៅលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំមុន ទីតាំងយោធានិងដេប៉ូប្រេងនៅគ្រីមៀ បានរងការវាយប្រហារជាបន្តបន្ទាប់ដោយដ្រូន រួមមានទាំងកាលពី២សប្តាហ៍មុនផងដែរ នៅពេលមានការវាយប្រហារលើ មូលដ្ឋានស្តុកប្រេងមួយកន្លែង ក្នុងទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol)។ ខាងអ៊ុយក្រែនមិនបានចេញមុខទទួល​ស្គាល់ថា សកម្មភាពវាយប្រហារទាំងនោះ គឺជាទង្វើរបស់ខ្លួនឡើយ៕