(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូនកងកម្លាំងបន្ថែមទៅកាន់តំបន់ឈូងសមុទ្រពែរ្ស បន្ទាប់ពី​អ្វីដែលខ្លួនចាត់ទុកថា ជាការកើនឡើងនៃការគំរាមកំហែងរបស់អ៉ីរ៉ង់​ ចំពោះកប៉ាល់ពាណិជ្ជកម្មនៅតំបន់ដែនទឹកនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ខឺប៊ី (John Kirby) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាមេរិក នឹងធ្វើសកម្មភាពមួយចំនួន ដើម្បីពង្រឹងជំហរការពាររបស់យោធាអាមេរិក នៅឯតំបន់ឈូងសមុទ្រពែរ្ស។ ចំណែក កងកម្លាំង Fifth Fleet របស់​កងទ័ពជើងទឹកអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងតែធ្វើការជាមួយសម្ព័ន្ធមិត្តនិងដៃគូ​នៅក្នុងតំបន់ ដើម្បីបង្កើនការចល័តនាវានិងយន្តហោះ ដែលធ្វើប្រតិបត្តិការល្បាតនៅច្រកសមុទ្រហូមូស (Hormuz) ដែលជាមាត់ច្រកដ៏សំខាន់​ចូលទៅកាន់ឈូងសមុទ្រពែរ្ស។

លោក ខឺប៊ី បានអះអាងថា អ៉ីរ៉ង់បានរករឿង វាយប្រហារ ឬជ្រៀតជ្រែក កប៉ាល់ពាណិជ្ជកម្មអន្តរជាតិសរុប១៥គ្រឿង ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ​នេះ។ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងបានមើលឃើញជាដដែលៗ នូវការគំរាមកំហែង ការរឹបអូស និងការវាយប្រហារដោយអាវុធរបស់អ៉ីរ៉ង់ ប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្ម ដែលអនុវត្តសិទ្ធិនិងសេរីភាព នៃការធ្វើនាវាចរណ៍របស់ពួកគេ នៅក្នុងដែន​ទឹកអន្តរជាតិ ក៏ដូចជានៅផ្លូវទឹកយុទ្ធសាស្រ្តក្នុងតំបន់»

ជាចុងក្រោយ លោក ខឺប៊ី បានសង្កត់ធ្ងន់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យ មហាអំណាចបរទេសឬប្រចាំតំបន់ មកបំផ្លាញសិទ្ធិសេរីភាព នៃការធ្វើនាវាចរណ៍កាត់តាមផ្លូវទឹកនៅមជ្ឈិមបូព៌ាដាច់ខាត រួមមានទាំងនៅច្រកសមុទ្រហូមូស»៕