(កៀវ)៖ រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារទីតាំងរបស់ទាហានរុស្ស៊ីនៅតាមបណ្តោយចម្ងាយប្រហែល ១០០គីឡូម៉ែត្រ នៃជួរមុខទីក្រុងរុករករ៉ែ Soledar ក្បែរទីក្រុង Pakhmut ភាគខាងកើតអ៊ុយក្រែន ដែលកងកម្លាំងរុស្ស៊ីដណ្តើមបានកាលពីខែមករា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា​ ឆ្នាំ២០២៣។

នៅពេលដែលការរំពឹងទុកកើនឡើងសម្រាប់ការវាយលុករបស់អ៊ុយក្រែន ក្នុងគោលបំណងជំរុញកងកម្លាំងរបស់ទីក្រុងមូស្គូចេញពីទឹកដីដែលពួកគេ អនុរដ្ឋមន្ត្រីការពារជាតិ លោក Hana Malyar បានបញ្ជាក់របាយការណ៍មុននេះថា កងកម្លាំងអ៊ុយក្រែននៅ Bakhmut មានការរីកចម្រើនមួយចំនួននៅក្បែរនោះ ប៉ុន្តែការជំរុញដ៏ទូលំទូលាយហាក់ដូចជាបានធ្លាក់ចុះ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបើកការវាយប្រហារ២៦លើក ដោយប្រើទាហានជាង ១,០០០នាក់ និងរថក្រោះរហូតដល់ ៤០គ្រឿងលើទីក្រុង Solidar កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងតំបន់មួយទាហានរុស្ស៊ីបានដកថយទៅ «ទីតាំងអំណោយផលជាង» នៅជិតអាងស្តុកទឹកភាគពាយព្យនៃទីក្រុង Bakhmut។

ការវាយប្រហារលើទីក្រុង Solidar នៅភាគខាងជើងនៃទីក្រុង Bakhmut ហាក់ដូចជាមានការបញ្ជាក់របាយការណ៍ពីកងកម្លាំងស៊ីឈ្នួល Wagner​ ដែលថា ទីក្រុងកៀវកំពុងបើកការវាយលុករបស់ខ្លួនលើផ្នែកខាងជើង និងខាងត្បូងនៃទីក្រុង ដោយមានគោលបំណងឡោមព័ទ្ធទីក្រុងនេះ។ កាលពីដើមសប្តាហ៍នេះ អង្គភាពអ៊ុយក្រែនមួយបានអះអាងថា បានកម្ចាត់កងវរសេនាតូចរុស្ស៊ីមួយនៅភាគនិរតីនៃទីក្រុង Bakhmut ក្នុងការឈានទៅមុខដ៏ធំបំផុតរបស់អ៊ុយក្រែនក្នុងរយៈពេលប្រាំមួយខែ។

ថៅកែទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បាននិយាយថា កងការពារដែលការពារដោយកងទ័ពធម្មតាកំពុងដួលរលំ​ ដែលធ្វើឲ្យមុខទីតាំងក្រុមទាហានរបស់លោកនៅក្នុងទីក្រុងកំពុងប្រឈមនឹងហានិភ័យ។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានបដិសេធ៕