(អេត្យូពី)៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានព្រមានពីការផ្ទុះជំងឺអាសន្នរោគដែលកំពុងបន្តនៅក្នុងប្រទេសអេត្យូពី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់៩៤នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៉ីនហួរ នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

ការធ្វើបច្ចុប្បន្នស្ថានភាពចុងក្រោយរបស់ខ្លួន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ UNOCHA បាននិយាយថា ការផ្ទុះឡើងនៃជំងឺអាសន្នរោគរយៈពេលវែងបំផុត កំពុងរីករាលដាលដោយមិនមានការថមថយ ហើយហានិភ័យការឆ្លងរាលដាលឆ្លងព្រំដែនក៏មានកម្រិតខ្ពស់។ ទីភ្នាក់ងារនេះក៏បានព្រមានផងដែរថា ទឹកជំនន់បានធ្វើឱ្យហានិភ័យសុខភាពកាន់តែធ្ងន់ធ្ងរ រួមទាំងជំងឺអាសន្នរោគនៅក្នុងផ្នែកដែលរងផលប៉ះពាល់នៃប្រទេសអាហ្វ្រិកខាងកើត៕